ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទៅលេងកំសាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ ថយចុះ១៣.៤៩ភាគរយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ម្ចាស់តូបលក់ម្ហូបអាហារនៅតាមបណ្តោយឆ្នេរអូរឈើទាល និងឆ្នេរព្រែកត្រែងសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងដូចគ្នាថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ ខុសប្លែកពីឆ្នាំមុនៗ ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានការធ្លាក់ចុះស្ទើរតែមិនគួរឲ្យជឿ នៅក្នុងចិត្ត ខណ:ដែលតាមវិថីនានានៅក្នុងក្រុងមានសភាពស្ងប់ស្ងាត់មិនមានការកកស្ទះចរាចរណ៍ និងនៅតាមតំបន់ឆ្នេរ ដែលជាកន្លែងកម្សាន្តនៅក្នុងខេត្ត ក៏មានសភាពស្ងប់ស្ងាត់ប្លែកតែម្តង ខុសប្លែកពីថ្ងៃបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០១៧កន្លងមក ដែលចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានធ្វើដំណើរចូលមកលេងកម្សាន្តជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃ០១ រោច ខែភទ្របទ ដែលជាថ្ងៃកាន់បិណ្ឌទី១រហូតដល់ថ្ងៃចុងបញ្ចប់ចំនួនភ្ញៀវទេសចរណ៍ បានធ្វើដំណើរចូលមកលេងនៅតាមតំបន់ឆ្នេរ និងរមណីយដ្ឋាននានា នៅក្នុងខេត្តព្រះសីហនុ ស្ទើរតែរកតុកន្លែងសម្រាប់ឲ្យភ្ញៀវអង្គុយមិនបានផង ។

ប្រភពខាងលើបានបន្តឲ្យដឹងក្នុងទឹកមុខស្រងូតស្រងាត់ថា ពួកគាត់ជាអាជីវករលក់ដូរម្ហូបអាហារនៅតាមតំបន់ឆ្នេរសមុទ្រ ឲ្យតែដល់រដូវកាលបុណ្យទានប្រពៃណីជាតិម្តងៗ កាលពីឆ្នាំមុនៗ តែងតែរំពឹងទុកលើមុខរបរលក់ម្ហូបអាហារសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។ ជាចៃដន្យ ឆ្នាំនេះក្តីរំពឹងទុកត្រូវរលាយបាត់អស់។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា មានបញ្ហាច្រើនយ៉ាងដែលជាដើមចមបណ្តាលឲ្យភ្ញៀវទេសចរណ៍មានការធ្លាក់ចុះដូចជា÷

-ស្ថានភាពផ្លូវដែលរងការខូចខាតនៅក្នុងរដូវវស្សា មិនទាន់បានជួសជុលឡើងវិញ បង្កការលំបាកក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរណ៍ ។

– បន្ទាប់ពីលំហូរចូលការវិនិយោគជនជាតិបរទេស(ចិន ) យ៉ាងគំហ៊ុកផ្ទះសំណាក់ សណ្ឋារគារអូតែល ។ ល ។ ត្រូវបានជួលឲ្យទៅឲ្យជនជាតិបរទេសស្ទើរតែអស់បង្កការលំបាកសម្រាប់ភ្ញៀវទេសចរណ៍ដែលមានបំណងមកសម្រាកលំហែរកាយជាលក្ខណ:គ្រួសារ ។

– ហាងលក់អាហារ.ភេសជ្ជ:នៅក្នុងក្រុងមួយចំនួន ឬហាងលក់ម្ហូបអាហារនៅតាមបណ្តោយឆ្នេរអូរឈើទាលត្រូវបានជួលទៅឲ្យជនបរទេស(ជនជាតិចិន)ស្ទើរតែអស់ និងលក់មុខម្ហូបតម្រូវតាមបែបជនជាតិគេក្នុងតម្លៃខ្ពស់ ។ ប្រភពខាងលើបានគូសបញ្ជាក់ថាអ្វីដែលគាត់បានរៀបរាប់ខាងលើនេះហើយជាកក្តាដែលធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិមានការធ្លាក់ចុះ ។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថាចំនួនភ្ញៀវទេសចរណ៍ដែលបានមកសម្រាកកំសាន្តនៅខេត្តព្រះសីហនុរយ:ពេល០៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ចំនួនភ្ញៀវទេសចរណ៍សរុប៧៩៥៨៧នាក់បើប្រៀបធៀបទៅ និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧កន្លងមកមានការថយចុះ១៣,៤៩% ។ ក្នុងចំនួនភ្ញៀវខាងលើភ្ញៀវជាតិមានចំនួន៧៣១៧៧នាក់បើប្រៀបធៀបទៅ និងឆ្នាំ២០១៧មានការថយចុះ១៦,២៧% ។ ចំនួនភ្ញៀវអន្តរជាតិមានចំនួន៦៤១០នាក់បើប្រៀបធៀបទៅ និងឆ្នាំ២០១៧មានការកើនឡើង៣៩,៣៤% ។

នៅក្នុងរបាយការណ៍ដដែលបានបន្តឲ្យដឹងទៀតថាចំនួនភ្ញៀវទេសចរណ៍ដែលធ្វើដំណើរចូលមកកំសាន្តតាមរមណីដ្ឋាននានានៅក្នុងខេត្តមានដូចខាងក្រោមនេះ÷

១/ រមនីយដ្ឋានក្បាលឆាយចំនួនភ្ញៀវចូលទៅលេងមានចំនួន៥៣១៩នាក់ក្នុងនោះភ្ញៀវជនជាតិបរទេសមានចំនួន១៥០នាក់ ។

២/ រមនីយដ្ឋានថ្មរូងចំនួនភ្ញៀវទេសចរណ៍ចូលទៅលេងមានចំនួន១២៤០នាក់ក្នុងនោះភ្ញៀវជនជាតិបរទេសមានចំនួន៤៨នាក់ ។

៣/ រមនីយដ្ឋានពិកនិកចំនួនភ្ញៀវទេសចរណ៍ចូលទៅលេងមានចំនួន១៣៨០នាក់ក្នុងនោះភ្ញៀវជាជនជាតិបរទេសមានចំនួន៣៩៤នាក់ ។

ដោយឡែកភ្ញៀវដែលធ្វើដំណើរតាមនាវាទៅកំសាន្តនៅតាមដែនកោះនានាក្នុងរយ:ពេលខាងលើចំនួនភ្ញៀវសរុបមាន២៦៩៥នាក់ក្នុងនោះមានស្រី១២០៥នាក់ ។ នៅក្នុងចំនួនភ្ញៀវខាងលើភ្ញៀវជាតិមានចំនួន៦០៥នាក់ ស្រី២៨៦នាក់ និងភ្ញៀវអន្តរជាតិមានចំនួន២០៩០នាក់ក្នុងនោះមានស្រី៩២៤នាក់ ។

ប្រជាពលរដ្ឋអ្នកលក់ដូរម្ហូបអាហារនៅតាមបណ្តោយឆ្នេរសមុទ្រ និងនៅតាមរមនីយដ្ឋាននានា និងអ្នកបើកបរនាវាដឹកជញ្ជូនភ្ញៀវទៅកំសាន្ត បានបញ្ជាក់ឲ្យដឹងថានៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានការធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដែលមិនធ្លាប់មានពីមុនមក មិនដូចជាការលើកឡើងនៅក្នុងរបាយការណ៍បែបភូតកុហករបស់មន្ទីរទេសចរណ៍នោះទេ ។

ប្រភពខាងលើបានរំលឹកឲ្យដឹងឡើងវិញដែរថា ក្រោយពីមានការដោះដូរអតីតប្រធានមន្ទីរទេសចរណ៍ លោក នូ សុផលទៅបំរើកិច្ចការនៅក្រសួង និងជំនួសមកវិញដោយលោក តាំង សុចិត្រគ្រឹះស្នារ ការដឹកនាំអនុវត្តការងារផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍នៅមានកម្រិតខុសប្លែកពីអតីតប្រធានមន្ទីរទេសចរណ៍ដែលបានដោះដូរ ។

ប្រជាពលរដ្ឋជាអាជីវករ ពាណិជ្ជករលក់ម្ហូបអាហារ និងអាជីវករអ្នកទទួលសិទ្ធិបានក្នុងការដេញថ្លៃ យកបន្ទប់ទឹកសាប (បន្ទប់អនាម័យ) នៅតាមឆ្នេរបានឲ្យដឹងថា កាលពីអតីត ប្រធានមន្ទីរមុន ឲ្យតែជិតដល់ថ្ងៃនៃពិធីបុណ្យជាតិផ្សេងៗ ប្រធានមន្ទីរទេសចរណ៍តែងតែប្រមូលអាជីវករលក់ម្ហូបអាហារតាមតំបន់ឆ្នេរ ម្ចាស់រមនីយដ្ឋាន សេវាករ ពាណិជ្ជករ ជាម្ចាស់ផ្ទះសំណាក់ ម្ចាស់សណ្ឋារគារ ។ ល ។ មកប្រជុំដើម្បីផ្សព្វផ្សាយផែនការសម្រាប់ទទួលភ្ញៀវទេសចរណ៍ ដោយមិនមានការតម្លើងថ្លៃសេវាឲ្យហួសហេតុបង្កការលំបាកដល់ភ្ញៀវទេសចរណ៍ ស្របតាមពាក្យថា «ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ តម្លៃសមរម្យ » ។

ប្រភពខាងលើបានបញ្ជាក់ជាចុងក្រោយថា ដោយឡែកលោក តាំង សុចិត្រគ្រឹះស្នារ ប្រធានមន្ទីរទេសចរណ៍នាពេលថ្មីៗនេះ ហាក់បីដូចជានៅឆ្ងាយពីប្រជាពលរដ្ឋជាអាជីវករ សេវាករ ពាណិជ្ជករ នៅតាមតំបន់ឆ្នេរ និងរមនីយដ្ឋាននានា មិនបានចុះមកត្រួតពិនិត្យ សូម្បីតែបន្ទប់ទឹកសាបអនាម័យ នៅតាមតំបន់ឆ្នេរអូរឈើទាល កកស្ទះរាប់ខែមកហើយ ក៏លោកប្រធានមិនអើពើក្នុងការសម្រួលកិច្ចការជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលធ្វើដំណើរមកកំសាន្តឡើយ ។

ដោយឡែក លោក តាំង សុចិត្រគ្រឹះស្នារ ភ្នាក់ងារអ្នកយកព័ត៌មានមិនអាចស្វែងរកការបកស្រាយពន្យល់អំពីការលើកឡើងរបស់អាជីវករ ពាណិជ្ជករ និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងលើនេះបានទេ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖