ព័ត៌មានទាន់ហេតុការណ៍៖

ភ្នំពេញ ស៊ីធីសេនធ័រ បញ្ចេញគម្រោងលំនៅឋាន R90 ជាសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់លំនៅឋានដំបូងៗគេ ដែលមានទឹកមុខរំភើបរីករាយ បានចូលមករស់នៅក្នុងផ្ទះវីឡារបស់គម្រោង Residence90 (R90) ដែលទើបនឹងបញ្ចប់ជាស្ថាពរក្នុងពេលថ្មីៗនេះ ស្ថិតនៅផ្នែកខាងជើងក្នុងទីក្រុង ភ្នំពេញស៊ីធីសេនធ័រ (ភីភីស៊ីស៊ី) ដោយក្នុងនោះ ក្រុមហ៊ុនបានប្រកាសថា ផ្ទះវីឡារបស់ខ្លួនបានលក់ជិតអស់ទៅហើយ ។

ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៨ ក្រោយពីចំនួននៃការលក់ចេញរបស់គម្រោងនេះស្ទើតែទាំងអស់ត្រូវបានលក់ចេញ។

លោកស្រី Michelle Lau នាយកប្រតិបត្តិក្រុមហ៊ុន ភ្នំពេញស៊ីធីសេនធ័រ បានឲ្យដឹងថា ផ្ទះវីឡាចំនួន៨៧ ខ្នង មានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ សម្រាប់ផ្ដល់ផាសុកភាព និងសន្តិសុខក្នុងការរស់នៅ ហើយសហគមន៍ដែលមានច្រកការពារសន្តិសុខយ៉ាងម៉ត់ចត់មួយនេះ ក៏មានបង្កើតនូវទេសភាព ធំទូលាយ អាងហែលទឹក និងក្លឹបហាត់ប្រាណ សម្រាប់ម្ចាស់លំនៅដ្ឋានថែមទៀតផង។លោកស្រី បានមានប្រសាសន៍ថា៖ “យើងខ្ញុំមានកិតិ្តយសណាស់ ដែលបានស្វាគមន៍ម្ចាស់លំនៅដ្ឋានដំបូងៗរបស់គម្រោង R90 មករស់នៅក្នុងមជ្ឈដ្ឋានដែលមានសុវត្ថិភាព និងមានពណ៌បៃតង ដែលក្រុមហ៊ុនយើងខ្ញុំបានកសាងឡើង។ នេះជាគម្រោងអភិវឌ្ឍន៍ពិសេសពិតៗ ដែលស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ហើយជាគម្រោងមួយផ្នែករបស់ភីភីស៊ីស៊ីដែលបន្តលូតលាស់ឥតឈប់ឈរ”។

លោកស្រីបានបន្ថែមទៀតផងដែរថា៖ “ យើងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សាធារណជនចំពោះគម្រោងអភិវឌ្ឍន៍របស់យើង ហើយនេះជាសញ្ញាមួយដែលបង្ហាញយ៉ាងច្បាស់ថា អ្វីៗដែលយើងបានបង្កើតឡើងសុទ្ធតែមានគុណភាព ។

គម្រោង R90 បានបញ្ចុះបឋមសិលាដើម្បីសាងសង់នៅក្នុងឆ្នាំ ២០១៦ ហើយក្រុមការងារជំនាញមានដូចជា អ្នករចនាប្លង់ វិស្វករ និងជាងនានា បានចំណាយពេលលើការសាងសង់លំនៅដ្ឋានដែលមានគុណភាពខ្ពស់បំផុតក្នុងរាជធានីភ្នំពេញ។ ផ្ទះវីឡាទាំងនេះស្ថិតនៅជិតគម្រោង Eden Garden ដែលជាទីតាំងកម្សាន្តដ៏ពេញនិយមរបស់ភ្នំពេញស៊ីធីសេនធ័រ ដោយក្នុងនោះរួមមានភោជនីយដ្ឋាន ហាងកាហ្វេ ហាងទំនិញ រោងភាពយន្ត និងក្លឹបរាត្រីផងដែរ ដែលទាំងអស់នេះសុទ្ធសឹងជាអ្វីដែលម្ចាស់លំនៅដ្ឋានក្នុងគម្រោង R90 អាចនឹងត្រូវការចង់បាន។ ទន្ទឺមនឹងនេះ សាលា Singapore Cambodia International Academy (SCIA) ដែលស្ថិតក្នុងគម្រោងនេះដែរនោះ ក៏កំពុងស្វាគមន៍សិស្សានុសិស្សដំបូងរបស់ខ្លួនសម្រាប់ឆ្នាំសិក្សាថ្មីនេះ ហើយក្នុងនោះ គ្រូបង្រៀនក្នុងស្រុក និងអន្តរជាតិល្បីៗ ព្រមទាំងបុគ្គលិករបស់សាលា នឹងផ្ដល់នូវការអប់រំដែលមានគុណភាពបំផុត តាមស្តង់ដាការអប់រំរបស់ប្រទេសសិង្ហបុរី។

គួរបញ្ជាក់ដែរថាគម្រោងភ្នំពេញស៊ីធីសេនធ័រ ដែលគ្របដណ្ដប់លើផ្ទៃដី ១១១,៦ ហិចតា និងជាគម្រោងដែលបានឈ្នះពានរង្វាន់ផងនោះ មានផ្ដល់ជូននូវទីតាំងសម្រាប់ប្រើប្រាស់ជាការិយាល័យ គម្រោងលំនៅដ្ឋាន ទីកន្លែងកម្សាន្ត ហើយការអភិវឌ្ឍន៍របស់គម្រោងនេះមានការធ្វើផែនការពេញលេញ ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ។ ដោយផ្ដោតលើការរស់នៅក្នុងមជ្ឈដ្ឋានបៃតង ហេដ្ឋារចនាសម្ព័ន្ធមានប្រសិទ្ធភាព ក្រុមហ៊ុនភីភីស៊ីស៊ី មានបំណងក្លាយជាទីតាំងល្អបំផុតសម្រាប់មនុស្សគ្រប់គ្នាបានមកធ្វើការ លេងកម្សាន្ត និងសម្រាកកាយា ក្នុងរាជធានីភ្នំពេញ ហើយដើរតួនាទីជាគម្រោងគំរូសម្រាប់គម្រោងអភិវឌ្ឍន៍ចម្រុះផ្សេងទៀតទូទាំងប្រទេស៕ វឌ្ឍនា


ចែករំលែក៖