ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សជាកត្តាទី១ដែលបង្កគ្រោះថ្នាក់ចរាចរនៅលើផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះ បញ្ហាគ្រោះថ្នាក់ចរាចរ នៅតែជាក្តីបារម្ភ ជាទូទៅរបស់មហាជន និងរាជរដ្ឋាភិបាល ក្នុងមួយថ្ងៃៗករណីគ្រោះថ្នាក់ចរាចរកើតមានស្ទើគ្រប់ទីកន្លែងបាត់បង់ជីវិតមនុស្ស ខូចខាតមធ្យោបាយជាច្រើនគ្រឿង ។

ករណីគ្រោះថ្នាក់ចរាចរដែលកើតឡើងនៅទូទាំងប្រទេសត្រូវបានសមត្ថកិច្ចជំនាញលើកឡើងថា កើតឡើងដោយសារកត្តាមនុស្សជាកត្តាទី១ ។

ដោយឡែកសម្រាប់ស្រុកកៀនស្វាយ ខេត្តកណ្តាល មានភូមិសាស្ត្រនៅភាគខាងកើតរាជធានីភ្នំពេញ នៅជាប់ផ្លូវជាតិលេខ១ កើតមានគ្រោះថ្នាកចរាចរជាង៣០ករណីក្នុងឆ្នាំ២០១៨កន្លងទៅ ។

នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ លោកហង្ស ផាន់ណារ៉ា អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះបញ្ហាគ្រោះថ្នាក់ចរាចរកើតមានឡើងជាង៣០ករណី ទាំងធ្ងន់ និងស្រាល ប៉ុន្តែកន្លងមកគ្រោះថ្នាក់ចរាចរភាគច្រើនកើតឡើងដោយសារកត្តាមនុស្សជាកត្តាទី១ ចំណែកកត្តាទី២គឺកត្តាផ្លូវថ្នល់ និងកត្តាទី៣គឺកត្តាយានយន្ត ។

កត្តាមនុស្សសំដៅទៅលើការបើកបរមិនប្រុងប្រយ័ត្ន បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បើកបរហួសល្បឿនកំណត់ បើកបរមានជាតិស្រវឹង បើកបរមិនគោរពច្បាប់ចរាចរ ។ កត្តាផ្លូវមិនមែនសំដៅទៅលើផ្លូវខូចខាត ផ្លូវចង្អៀត ឬផ្លូវកាច់កោងនោះទេ គឺសំដៅទៅលើផ្លូវល្អ ស្អាតហើយ តែផ្លូវមានតែមួយដូច្នេះអ្នកបើកបរត្រូវតែធ្វើដំណើរលើផ្លូវតែមួយរួមគ្នាពេលបើកប្រជែងម្តងៗតែងតែរំលោភទៅលើគន្លងផ្លូវម្ខាងទៀតបង្កអោយមានការប៉ះទង្គិចកើតឡើងជៀសមិនផុតនោះឡើយ ។

មួយផ្នែកទៀតផ្លូវល្អ ស្អាត មានគន្លងសម្រាប់យានយន្តធ្វើចរាចរ តែអ្នកបើកបរអត់គោរពគន្លងផ្លូវធ្វើចរាចរទាល់តែសោះ ចំនុចនេះគឺជាដើមហេតុនៃការកើតមានគ្រោះថ្នាក់ចរាចរ ។ ដោយឡែកកត្តាយានយន្តជាកត្តាទី៣ ចង់បញ្ជាក់ថាគ្រោះថ្នាក់ចរាចរដែលកើតឡើងដោយសារកត្តាយានយន្តគឺសំដៅទៅលើយានយន្តចាស់ គ្មានប្រព័ន្ធសុវត្ថិភាពស្របទៅតាមលក្ខណៈបច្ចេកទេសរបស់យានយន្ត ។

លោកអធិការរងបានបន្តថា ចំពោះមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរដែលរក្សាទុកនៅក្នុងបរិវេណនៃអធិការដ្ឋាននគរបាលស្រុកនេះ មិនមែនសមត្ថកិច្ចមិនសម្របសម្រួលដោះស្រាយអោយភាគីទាំងសង្ខាងនោះទេ គឺសំណុំរឿងទាំងអស់ស្ថិតនៅលើចំណាត់ការរបស់តុលាការ ។

ពេលកើតហេតុពីដំបូងសមត្ថកិច្ចស្រុកបានព្យាយាមធ្វើការដោះស្រាយជំហានដំបូងជូនភាគីទាំងសង្ខាង ពេលខ្លះក៍ត្រូវរ៉ូវគ្នាបញ្ចប់រឿងដោយសំណង ដោយឡែកករណីគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្តាលអោយស្លាប់ឬរបួសជាច្រើននាក់មិនអាចបញ្ចប់ត្រឹមចំណាត់របស់សមត្ថកិច្ចស្រុកនោះឡើយ គឺត្រូវតែបញ្ជូនសំណុំរឿងទៅដោះស្រាយនៅតុលារការ ចំណែកមធ្យោបាយរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ។ ដូច្នេះហើយទើបធ្វើបរិវេណនៃអធិការពោរពេញទៅដោយមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរ ។

លោកអធិការរងបន្ថែមថា សំណុំគ្រោះថ្នាក់ចរាចរខ្លះគូភាគីជម្លោះតតាំងក្តីរហូតដល់តុលាការកំពូលក៍មានដែរ សំណុំរឿងខ្លះទៀតគូភាគីជម្លោះចង់យកឈ្នះរៀងៗខ្លួនទើបធ្វើអោយអូសបន្លាយពេលវេលាដោះស្រាយគ្នាមិនត្រូវ ។ មួយផ្នែកទៀតមធ្យោបាយពាក់ព័ន្ធបទល្មើសខ្លះមានបង់ធានារ៉ាប់រងនៅក្រុមហ៊ុន ដល់ពេលជួបគ្រោះថ្នាក់ក្រុមហ៊ុនធានារ៉ាប់រងមកដោះស្រាយយកចេញ តែភាគីម្ខាងទៀតមិនអោយយកចេញនោះឡើយ ដែលជាហេតុធ្វើអោយបរិវេណនៃអធិការដ្ឋាននគរបាលស្រុកក្លាយជាកន្លែងរក្សាទុកមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរ ។

និយាយរួមមធ្យោបាយទាំងអស់ដែលពាក់ព័ន្ធបទល្មើសចរាចរ នៅក្នុងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយនេះគឺស្ថិតនៅលើចំណាត់ការរបស់តុលាការ ពោលគឺចំណាត់ការខាងផ្លូវច្បាប់មានការយឺយ៉ាវ គឺជាដើមចមនៃដំណោះស្រាយយកមធ្យោយបាយពាក់ព័ន្ធបទល្មើសចរាចរចេញពីអធិការដ្ឋាននគរបាលស្រុក ៕ សណ្តោស


ចែករំលែក៖