ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី២នាក់ បានរងរបួសខណៈរថយន្តឡិចស៊ីស បើកបុកម៉ូតូឡាំប្រឺតា

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូឡាំប្រឺតាមួយគ្រឿងនិងមនុស្សប្រុសស្រី២នាក់ បានរងរបួសខណៈរថយន្តឡិចស៊ីសRX300មួយគ្រឿង បានបោះពួយយ៉ាងលឿនមិនប្រយ័ត្នទៅបុកម៉ូតូឡាំប្រឺតា ពីក្រោយពេញទំហឹង ហើយរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ បានព្យាយាមបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល តែជ្រុះស្លាកលេខបង្កនៅកន្លែងកើតហេតុទុកឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនម្ចាស់ចូលមកដោះស្រាយតាមច្បាប់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវប្រសព្វលេខ១៣០ កែងផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូឡាំប្រឺតា ពណ៍ក្រហម ពាក់ស្លាក លេខភ្នំពេញ 1GT-4821បើកបរតាមបណ្ដោយផ្លូវលេខ១៣០ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដម៉ាកឡិចស៊ីស RX300 ជិះស្របទិសគ្នាមកបុកពីក្រោយ បណ្ដាលឲ្យភ្ញៀវស្រីម្នាក់ដែលជិះក្នុងម៉ូតូឡាំប្រឺតានិងអ្នកបើកបររងរបួសស្រាល ។ ចំណែករថយន្ដបង្កមិនបានឈប់ដោះស្រាយគ្នានោះទេ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោលតែម្តង ប៉ុន្តែបន្សល់ទុកស្លាកលេខរថយន្ដខាងមុខដែលជ្រុះ (ភ្នំពេញ 2AR.8606) នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរខណ្ឌបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចយកម៉ូតូឡាំប្រឺតា ដែលខូចខាត រួមទាំងស្លាករថយន្តបង្ក ទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ដមកដោះស្រាយគ្នាតាមច្បាប់ ៕ ស តារា


ចែករំលែក៖