ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ស្លាប់ និង៤នាក់រងរបួសធ្ងន់-ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុករថយន្ដ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១១និង៤៨នាទីយប់ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែត្រលេខ១១៦ លេខ១១៧ នៅចំណុចភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនឹងរថយន្តក្នុងដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យ មនុស្ស២នាក់ស្លាប់ និងរបួសធ្ងន់២នាក់ ស្រាល២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកកាម៉ារី បាឡែន ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2R4622 ក្នុងទិសដៅពីជើងមកត្បូង បើកដោយឈ្មោះ ម៉ាក រ៉ាដែន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (គេចខ្លួនបាត់) អ្នករួមដំណើរឈ្មោះ វុទ្ធី ភេទប្រុស អាយុ24ឆ្នាំ រស់នៅ ភូមិ ព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសស្រាលបែកមុខ មុតនឹងកញ្ចក់) អ្នករួមដំណើរឈ្មោះ ជា ចាន់ណារិទ្ទ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិត្រពាំងស្វាយ ឃុំ បល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នឹងកន្លែងកើតហេតុ។

រថយន្តម៉ាកកូរ៉ូឡា ពណ៌ស្ក ពាក់ ស្លាកលេខ ភ្នំពេញ2E6221 ក្នុងទិសដៅពីត្បូងមកជើងបើកបរដោយឈ្មោះ ឡុង ប៊ី ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លាក្រុងស្ទឹងសែន ខេត្តកំពង់ធំ(របួសបាក់កជើងស្តាំ) អ្នករួមដំណើរ ឈ្មោះសុ ជាតា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិខាងលេ(របួសបាក់ឆ្អឹងស្មាស្តាំ) ម្នាក់ទៀត ឈ្មោះ ជា ឡែន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិខាងលើ(ស្លាប់នឹងកន្លែងកើតហេតុ)។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ រថយន្តម៉ាកកាម៉ារីបាឡែន បើកមកពីជើងទៅត្បូង ឡើងប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ប៉ះនឹងរថយន្តស្របទិសជ្រុលមកបុក នឹងរថយន្តម៉ាកកូរ៉ូឡាបើកមកពីទិសផ្ទុយគ្នា ។ សមត្ថកិច្ចវាស់វែងរួចយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំរកដំណោះស្រាយគ្នាជាក្រោយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖