ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់យោធា៣រូបព្យួរតួនាទីដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រគឺអនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមផេកហ្វេសបុ៊ក របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឲ្យដឹង ថា មេទ័ពសំខាន់ៗរបស់កម្ពុជា៣រូបរួម មាននាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជា ការរង និងជានាយសេនាធិការចម្រុះនៃ កងយោធពលខេមរភូមិន្ទ និងនាយឧត្តម សេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជា ការកងទ័ពជើងគោកដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រអាណត្តិទី៦មកពី គណបក្សប្រជាជនកម្ពុជានឹងត្រូវព្យួរតួនាទីបណ្តោះអាសន្នសម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខនេះ ។

ការព្យួរតួនាទីបណ្តោះអាសន្នសម្រាប់មេទ័ពទាំង៣នៅក្នុងក្របខ័ណ្ឌកងយោធ ពលខេមរភូមិន្ទនាពេលខាងមុខនេះគឺអនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាដែលតម្រូវឱ្យបេក្ខជនតំណាងរាស្ត្រព្យួរតួនាទីជាបណ្តោះអាសន្ន ។

ប្រភពដដែលបានបន្តថា ការព្យួរនេះ គឺស្របទៅតាមមាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និង ប្រកាស៤.៣នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ កាលទី៦ គឺតម្រូវឱ្យមន្ត្រីរាជការមន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធ ពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គ ចៅក្រម និងបព្វជិតសាសនាដែលមាន បំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រត្រូវដាក់ពាក្យសុំច្បាប់ឈប់ ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរយ៉ាងតិច៧ថ្ងៃមុនថ្ងៃបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១នៅមណ្ឌលខេត្តព្រះ សីហនុ, នាយឧត្តមសេនីយ៍ គន់ គីម បានឈរជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិតែមួយគត់នៅមណ្ឌលឧត្តរមានជ័យ និង នាយឧត្តមសេនីយ៍ មាស សុភា បានឈរជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិតែមួយគត់នៅមណ្ឌលព្រះវិហារ។ ក្រៅពីនាយ ឧត្តមសេនីយ៍ទាំង៣រូបនេះក៏មាននាយ ឧត្តមសេនីយ៍១រូប, ឧត្តមសេនីយ៍ឯក១រូប និងឧត្តមសេនីយ៍ទោ១រូបទៀតសុខចិត្តព្យួរការងារជាមន្ត្រីយោធាជាន់ខ្ពស់ដើម្បីទៅឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្រផង ដែរ ។

នាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ទាំងនោះរួមមាននាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការនៃអគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិអាវុធគីមីក្រសួងការពារជាតិត្រូវឈរជាបេក្ខជនពេញសិទ្ធិលេខ រៀងទី៣មណ្ឌលខេត្តស្វាយរៀង, ឧត្តម សេនីយ៍ឯក ម៉ម សុផាត ឣគ្គលេខាធិការរង និងជានាយកនៃនាយកដ្ឋាននីតិកម្មក្រសួងការពារជាតិជាបេក្ខជនបម្រុងមណ្ឌល ស្វាយរៀង និងលោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងឈរជាបេក្ខជនបម្រុង មណ្ឌលស្ទឹងត្រែង ៕ ហេង សូរិយា


ចែករំលែក៖