ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីសាលាខណ្ឌចំការមនថាចៅសង្កាត់អូឡាំពិកខ្វះស្មារតីទទួលខុសត្រូវរឿងហាងអីុនធើណេតបង្កប់ហ្គេមក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យសាលាខណ្ឌចំការ មន កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៧ បាន ស្ដីបន្ទោសធ្ងន់ៗចំពោះនាយប៉ុស្ដិ៍ និងចៅ សង្កាត់អូឡាំពិកថា ខ្វះការទទួលខុសត្រូវ ក្នុងការបង្ក្រាបល្បែងស៊ីសងតាមអុីនធើណេត ដែលមានយីហោ “វ៉ាអុីនធឺណីត” មានទីតាំងនៅផ្ទះលេខ៣៧០ វិថីព្រះ សីហនុ សង្កាត់អូឡាំពិក ខណ្ឌចំការមន។

លោក សេក ប៊ុនសិរីរ័ត្នមុនី អ្នកនាំពាក្យ សាលាខណ្ឌចំការមនបានថ្លែងថា តាមពិតទៅលោកនាយប៉ុស្ដិ៍មានសិទ្ធិគ្រប់គ្រាន់ដើម្បីបង្ក្រាបបទល្មើសស៊ីសងដែលកើតឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនចាំបាច់ ស្នើសុំឬធ្វើសេចក្ដីរាយការណ៍ទៅអ្នកណាផ្សេងឡើយ។ ប៉ុន្តែនេះ គឺបង្ហាញពីការខ្វះស្មារតីទទួលខុសត្រូវរបស់មេប៉ុស្ដិ៍ និងចៅ សង្កាត់ ។

សេចក្ដីថ្លែងនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលថា ទីតាំងល្បែងខាងលើដែលមានលេងល្បែងភ្នាល់ដូចជា ចាក់បាល់ ចាក់ឆ្នោត ចាក់ភ្នាល់សត្វ ជាដើមនោះបានពង្វក់ក្រុម យុវជន ពិសេសកូនៗរបស់ពួកគាត់ឲ្យភេ្លច សាលា និងហ៊ានលួចលុយពួកគាត់មកលេង ល្បែងទាំងនេះ។ ប៉ុន្តែបែរជាត្រូវបានលោក មេប៉ុស្ដិ៍ និងចៅសង្កាត់អូឡាំពិកឆ្លើយថា មិនហ៊ានបង្ក្រាបដោយសារតែទីតាំងល្បែង ខាងលើមានខ្នងអ្នកធំពេក ។

ប៉ុន្តែយ៉ាងណាក៏ដោយលោក សេក ប៊ុន សិរីរ័ត្នមុនី បានឲ្យដឹងថា លោកនឹងចាត់ឲ្យ អភិបាលរងខណ្ឌម្នាក់ចុះទៅត្រួតពិនិត្យ នឹងចាត់វិធានការបង្ក្រាប ព្រោះវាផ្ទុយខុស នឹងបទបញ្ជាថ្នាក់ជាតិ។

គួរបញ្ជាក់ថា ក្នុងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក៏ដូចជាសេចក្ដីប្រកាស ស្ដីពីល្បែងស៊ីសង របស់ក្រសួងមហាផ្ទៃ បានចាត់ទុកល្បែងស៊ីសង ជាផ្នែកមួយ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្ដិសុខ សង្គម។ ប៉ុន្តែបើទោះជាដូច្នេះក្ដីគេនៅ តែកត់សម្គាល់ឃើញថា ការអនុវត្ត គោលនយោបាយនេះ ហាក់ដូចជាមាន កម្រិតនៅឡើយ ។ ខណៈដែលគេជឿថា អាជ្ញាធរមូលដ្ឋានមួយចំនួនបានឃុបឃិត ចែកប្រយោជន៍ជាមួយម្ចាស់ទីតាំងល្បែងនោះ ៕ ហេង នរិន្ទ្រ

abce


ចែករំលែក៖