ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យសម្ភពសោភា សម្រាលកូនបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់រួចបញ្ជូនទៅពេទ្យជប៉ុនចង់យករួចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់មានអាការៈឈឺពោះសម្រាលកូនធ្ងន់ធ្ងរ ពេលសម្រាលកូនទី២ នៅមន្ទីរពេទ្យសម្ភពសោភាដោយការវះកាត់ដែលមន្ទីរសម្ភពនេះស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ហើយអ្វីដែលហួសចិត្តនោះគឺ នៅពេលនោះដើម្បីផុតពីការទទួលខុសត្រូវរបស់ខ្លួន គ្រូពេទ្យមន្ទីរពេទ្យសម្ភពសោភា បានបញ្ជូនស្ត្រីរូបនេះទាំងតក់ក្រហល់ មកមន្ទីរពេទ្យមជ្ឈមណ្ឌលគាំពារមាតា និងទារក ហៅកាត់មន្ទីរពេទ្យជប៉ុន។ តែជាអកុសល ស្ត្រីរូបនេះបានស្លាប់យ៉ាងអាណោចអាធ័ម។

ក្រុមគ្រួសារនៃសព អះអាងថា ពេលនេះគ្រូមន្ទីរពេទ្យសម្ភពសោភាកំពុងចរចាអំពីសំណងជូនក្រុមគ្រួសារគាត់ ដើម្បីបញ្ចប់រឿង តែករណីនេះធ្វើឲ្យមជ្ឈដ្ឋានមួយចំនួន ចង់ឃើញក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធ អនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះគ្រូពេទ្យដែលខ្វះវិជ្ជាជីវៈនិងខ្វះភាពទទួលខុសត្រូវ ដើម្បីចូលរួមកែទម្រង់វិស័យសុខាភិបាលនៅកម្ពុជា ដែលជាទំនុកចិត្តរបស់ប្រជាពលរដ្ឋ ។

ក្រុមគ្រួសារនៃសពដែលបានទូរស័ព្ទប្រាប់អ្នកសារព័ត៌មានសុំមិនបញ្ចេញឈ្មោះ អះអាងថា ស្ត្រីរងគ្រោះឈ្មោះ អ៊ុ ចន្ទ្រា អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិរកា២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចូលមកសម្រាលកូនទី២ នៅមន្ទីរពេទ្យសម្ពពសោភា កាលពីព្រឹកថ្ងៃ ថ្ងៃ ពុធ ១២ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ។ ការសម្រាលកូននៅទីនេះគឺធ្វើឡើងដោយការវះកាត់តែមិនដឹងប្រើបច្ចេកទេសបែបណានោះទេទើបបណ្តាលឱ្យស្ត្រីរងគ្រោះហូរឈាមយ៉ាងខ្លាំងមិនអាចទប់ជាប់។ ពេលឃើញដូច្នេះ ខាងមន្ទីរពេទ្យសម្ពពសោភាអះអាងថាបណ្តាលមកពីស្រ្តីរងគ្រោះមានឈាមរាវ និងស្បូនខ្សោយ។ ដូច្នេះតម្រូវឱ្យមានការវះកាត់ស្បូនម្តងទៀត។ ក្រុមគ្រួសារនៃសពបន្តទៀតថា ក្រោយពេលវះកាត់ស្បូនរួចហើយ ស្រ្តីរងគ្រោះកាន់តែមានអាការៈហូរឈាមនិងខ្សោយទៅៗ ទើបខាងពេទ្យសម្ពពសោភាបានបញ្ជូនស្ត្រីរងគ្រោះទៅមន្ទីរពេទ្យជប៉ុននៅម៉ោង៥ទៀបភ្លឺថ្ងៃទី២៩ ខែមីនា ជាបន្ទាន់។ ក្រោយពេលបញ្ជូនមកមន្ទីរពេទ្យជប៉ុនរហូតមកដល់ម៉ោង១០ព្រឹកថ្ងៃដដែល ជនរងគ្រោះក៏បានស្លាប់ទៅ ។

ទាក់ទិនរឿងសម្រាលកូនដោយការវះកាត់បណ្តាលឲ្យស្ត្រីមានផ្ទៃពោះស្លាប់នេះ កាសែតនគរវត្ត មិនអាចទាក់ទងនាយកមន្ទីរពេទ្យសម្ពពសោភា សុំការបកស្រាយឲ្យបានក្បោះក្បាយបានទេ កាលពីរសៀលម្សិលមិញនេះ។

យ៉ាងណា ប្រជាពលរដ្ឋបានសំណូមពរដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ មេត្តាចាត់វិធានការដលើមន្ទីរពេទ្យនេះនិងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលគ្មានសមត្ថភាព វិជ្ជាជីវះផង។បើនៅតែបណ្តែតបណ្តោយទៀត ច្បាស់ជាវិស័យសុខាភិបាលនៅកម្ពុជា ដែលជាទំនុកចិត្តរបស់ប្រជាពលរដ្ឋនឹងធ្លាក់ចុះនិងអស់ជំនឿដោយសារខ្វះការទទួលខុសត្រូវ ពេលជនរងគ្រោះបាត់បង់ជីវិតជាមិនខាន ៕ ប្រាថ្នា

 


ចែករំលែក៖