ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីសាលាខេត្តកំពង់ឆ្នាំងម្នាក់ ធ្វើអត្តឃាតក្នុងបន្ទប់ជួល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីសាលាខេត្តកំពង់ឆ្នាំង បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយយកខ្សែចងកខ្លួននៅក្នុងបន្ទប់ជួលបណ្តាលឲ្យមានការភ្ញាក់ផ្អើលហើយបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យមើល។

ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៣​ ខែកុម្ភះ ឆ្នាំ២០១៩នៅផ្ទះជួលមួយកន្លែងឈ្មោះសិរីមង្គលក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

អត្តឃាតជន ឈ្មោះ សួន វិរៈ ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីបំរើការងារនៅសាលាខេត្តកំពង់ឆ្នាំង​​ មានប្រពន្ធនិងមានកូន២នាក់នៅក្នុងបន្ទុក រស់នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែអត្តឃាតជនបានមកជួលបន្ទប់ស្នាក់ម្នាក់ឯងក្នុងភូមិ ឃុំកើតហេតុខាងលើ ងាយស្រួលជិតកន្លែងធ្វើការ ។

ពេលដែលមានការភ្ញាក់ផ្អើលពីដំបូងគេបានសន្និដ្ឋានថា ជាករណីដេកស្លាប់ឬខ្យលគរ ពីព្រោះមានដាក់គន្លឹះទ្វារនិងបង្អួចជាប់ពីខាងក្នុង ប៉ុន្តែនៅពេលដែលសមត្ថកិច្ចគាស់បង្អួចដកគន្លឹះទ្វារចូលទៅពិនិត្យសពទើបដឹងថាមន្ត្រីរូមនេះចងកសម្លាប់ខ្លួន ។ អត្តឃាតជនបានយកខ្សែនីឡុងចងកទៅនឹងចម្រឹងដែកខាងលើទ្វារចូលទៅបន្ទប់ផ្ទះបាយ នឹង​​ បណ្តាលឲ្យដាច់ខ្សែនីឡុងនោះធ្លាក់សពមកលើឥដ្ឋផងដែរ។

គេមិនបានដឹងថា អត្តឃាតជនចងកសម្លាប់ខ្លួនតាំងពីពេលណាមកទេ ទើបតែដឹងនៅពេលដែលមានធុំក្លិនស្អុយទៅហើយ ។ បើតាមមន្ត្រីសាលាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា បាត់ឈ្មោះសួន វិរះ មិនឃើញទៅធ្វើការនឹងមិនអាចទំនាក់ទំនងតាមទូរស័ព្ទបានតាំងពីថ្ងៃទី៣១ មករា មកម្លេះ ហើយក្រុមគ្រួសារក៏បានឲ្យដឹងផងដែរថា គាត់តែងតែទៅផ្ទះនៅឯស្រុកទឺកផុសរៀងរាល់ល្ងាចថ្ងៃសុក្រ និង ត្រឡប់មកធ្វើការវិញនៅព្រឹកថ្ងៃច័ន្ទ ប៉ុន្តែនៅក្នុងសប្តាហ៍នេះមិនឃើញទៅផ្ទះទេ ស្រាប់តែព្រឹកថ្ងៃទី៣ មករា ទើបគេទូស័ព្ទទៅប្រាប់ថាវិរះចងកសម្លាប់ខ្លួន ។

គេមិនបានដឹងពីមូលហេតុច្បាស់លាស់ដែលនាំឲ្យ សួន វិរៈ គិតខ្លីចងកសម្លាប់ខ្លួនដែរ ប៉ុន្តែមានប្រភពមួយបានបញ្ជាក់ឲ្យដឹងថា សួន វិរះ មានវិបត្តិក្នុងគ្រួសារដោយសារមានជម្លោះជាមួយប្រពន្ធជាញឹកញាប់ ហើយមុនពេលដែលសួន វិរះចងកសម្លាប់ខ្លួននេះ ក៏មានជម្លោះជាមួយប្រពន្ធយ៉ាងខ្លាំងផងដែរ ទើបប្រពន្ធទូរស័ព្ទមកមិនលើក។

សមត្ថកិច្ចបានបញ្ជាក់ថា ការស្លាប់នេះពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ក្រោយពីធ្វើកោសល្យវិច័យ សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ៕ ចន្ថា


ចែករំលែក៖