ព័ត៌មានទាន់ហេតុការណ៍៖

មហាជន អាសូរ ផ្លូវថ្នល់រងការខូចខាតដោយសារអ្នកដឹកលើសទម្ងន់បំផ្លាញ គិតតែប្រយោជន៍ផ្ទាល់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ ផ្លូវ១ខ្សែតភ្ជាប់ពីរង្វង់មូលព្រៃគុយ ស្ថិតនៅឃុំអំពិល ស្រុកប្រាសាទបាគង ទៅកាន់ ទីប្រជុំជន ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរងការខូចខាតស្ទើរ ទាំងស្រុកដោយសាររថយន្តធំៗដឹកខ្សាច់ បើកបរឆ្លងកាត់។

ជុំវិញករណីនេះ លោកឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរអប្សរាបានអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែតុលាថា ចំពោះផ្លូវដែលខូចនេះ មានគម្រោងជួសជុលហើយ អាចនឹងជួសជុលនៅឆ្នាំ២០១៩ ដោយរង់ចាំថវិកា។ យ៉ាងណាមន្ត្រីអប្សរារូបនេះមិនបានបញ្ជាក់លម្អិតនោះឡើយ។ ប៉ុន្តែលោកបាន អំពាវនាវដល់អាជីវករ រកស៊ីដឹកជញ្ជូនខ្សាច់ ដឹកថ្ម ដឹកដី កុំដឹក លើសទម្ងន់ ដែលជាហេតុនាំឲ្យផ្លូវឆាប់ខូច។

ប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវមួយខ្សែនេះ បានសំណូមពរដល់ អាជ្ញាធរ ជំនាញជួយជួសជុល បន្ទាន់ផងដោយសារតែផ្លូវនេះ បាននិងកំពុងតែទទួលរងនូវការខូចខាត ពិបាកធ្វើដំណើរ យ៉ាងខ្លាំង។

ផ្លូវមួយខ្សែនេះ ជាមិត្តភាព កម្ពុជា កូរ៉េ ដែលតភ្ជាប់ពីចំណុចផ្លូវបំបែកផ្សារព្រះដាក់ មកទល់នឹងផ្លូវជាតិលេខ០៦ ដោយបច្ចុប្បន្ននេះ បានខូចស្ទើរទាំងស្រុងទៅហើយ។ ចំពោះការខូចនេះ បណ្ដាលមកពីមានរថយន្តធុនធំៗ ដឹកខ្សាច់ថ្ម ដឹកដី និងដឹក លើសទម្ងន់ ឆ្លងកាត់ជារៀងរាល់ថ្ងៃ។

ទទឹងនឹងនោះ ប្រជាពរដ្នសំណូរពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការក្ដៅលើអ្នកដឹកលើសទម្ងន់ ឲ្យបានតឹងរ៉ឹង កុំអនុវត្តន៍តែមួយដង្ហើមចង្រិត រួចសកម្មភាពល្មើសនៅតែកើតមានដដែល ៕ ប៊ុនរិទ្ធី


ចែករំលែក៖