ព័ត៌មានទាន់ហេតុការណ៍៖

មានប្រធានាធិបតីមួយរូបទៀតលាលែងចេញពីតំណែង

ចែករំលែក៖

បន្ទាប់ពីប្រធានាធិបតីមីយ៉ាន់ម៉ា បានសម្រេចលាលែងចេញពីតំណែង នៅពេលនេះមានប្រធានាធិបតីមួយរូបទៀត បានប្រកាសលាលែងចេញពីតំណែងផងដែរ គឺប្រធានាធិបតីប៉េរ៉ូ លោក Pedro Pablo Kuczynski ។ កាលពីថ្ងៃទី២១ ខែមីនា លោកបានដាក់លិខិតសុំលាលែងចេញពីតំណែងទៅកាន់សភា ក្រោយរយៈពេលជិត២ឆ្នាំនៃការកាន់អំណាចរបស់លោក។

ការសម្រេចខាងលើរបស់ប្រធានាធិបតិ Pedro Pablo Kuczynski ក្រោយពេលបើកកិច្ចប្រជុំ គណរដ្ឋមន្ត្រី១ថ្ងៃ។ ការលាលែងចេញពីតំណែងមុនពេលតំណាងរាស្ត្របោះឆ្នោតជាលើកទី២ ក្នុងរយៈពេល៣ខែ ទៅលើការសម្រេចដកហូតតំណែងប្រធានាធិបតីវ័យ៧៩ឆ្នាំ។

លោក Pedro Pablo Kuczynski រងការចោទប្រកាន់ថា បានទទួលសំណូកពីក្រុងហ៊ុនសំណងប្រេស៊ីល Odebrecht ដែលជាក្រុមហ៊ុនពោរពេញដោយរឿងអាស្រូវនៅអាមេរិកឡាទីនរយៈពេលកន្លងមក។

ហេតុការណ៍ខាងលើ ត្រូវបានលាតត្រដាងនៅចុងខែធ្នូ ឆ្នាំ២០១៧ ធ្វើឲ្យតំណែងប្រធានាធិបតីរបស់លោកស្ថិតនៅក្នុងភាពស្រពិចស្រពិល។

សន្តិសុខនៅទីក្រុង Lima ត្រូវបានរិតបន្តឹង នៅថ្ងៃទី២១ ខែមីនា ក្រោយពេលប៉ូលិសបានព្រមានពីការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងនឹងអង្គការក្រៅរដ្ឋាភិបាលទាមទារឲ្យលោក Pedro Pablo Kuczynski ចុះចេញពីតំណែង។ លោក Pedro គឺជាប្រធានាធិបតីទី៣ របស់ប៉េរ៉ូ ធ្លាក់ចូលក្នុងរឿងអាស្រូវពុករលួយទទួលសំណូក។

នៅពេលនេះគេមិនទាន់ដឹងថា សភាប៉េរ៉ូ នឹងទទួលយកលិខិតសុំលាលែងចេញពីតំណែងរបស់លោក Pedro Pablo Kuczynski ដែរឬយ៉ាងណានោះទេ? ឬក៏ទុកឲ្យសភាបោះឆ្នោត នៅថ្ងៃទី២២ ខែមីនានេះ ស្តីពីការដកហូតតំណែង។

ចំណែក ប្រធានាធិបតី Pedro Pablo Kuczynski បានច្រានចោលការចោទប្រកាន់ពាក់ព័ន្ធនឹងសំណូកមានទឹកប្រាក់រាប់លានដុល្លារអាមេរិក។ លោកបានបញ្ជាក់ទៀតថា ការលាលែងចេញពីតំណែង គឺដើម្បីបញ្ចៀសបញ្ហាដល់ប៉េរ៉ូ ក្នុងការអភិវឌ្ឍ។

តាមគម្រោង ប្រសិនបើសភាបោះឆ្នោតគាំទ្រមានសំឡេងចាប់ពី៧០ភាគរយនោះ លោក Pedro នឹងត្រូវដកចេញពីតំណែងប្រធានាធិបតី។ ប្រសិនបើរឿននោះកើតឡើង លោក Martin Vizcarra អនុប្រធានាធិបតីទី១ នឹងឡើងកានតំណែងជំនួសលោក Pedro បណ្តោះអាសន្ន។

នៅមុនពេលក្លាយជាប្រធានាធិបតីបេរ៉ូ លោក Pedro ធ្លាប់កាន់តំណែងជាអគ្គនាយកធនាគារប៉េរ៉ូ និងកាន់តំណែងសំខាន់ នៅធនាគារពិភពលោក ព្រមទាំងមូលនិធីរូបិយវត្ថអន្តរជាតិ IMF ផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖