ព័ត៌មានទាន់ហេតុការណ៍៖

មានអ្វីខ្លះកើតឡើងនៅក្នុងឱកាសនៃការប្រឡងសញ្ញាបត្រទុតិយភូមិរយៈពេល២ថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៧ ដែលមានបេក្ខជនប្រឡងសរុប ១០១.៤១០នាក់ ស្រី៥០.០៤៩នាក់ អវត្ត មានសរុប១.៥៤៩នាក់ មានអ្នកលួចចូល ប្រឡងជំនួសម្នាក់ ។

ក្នុងថ្ងៃទី២២ ខែសីហា មានបេក្ខជន ប្រព្រឹត្តកំហុសឆ្គងត្រូវបានរៀបចំកំណត់ហេតុពិសេសចំនួន៣ករណីដែលជាមួយគ្នា នេះដែរក្រុមអ្នកសង្កេតការណ៍និងអនុរក្ស បានចាប់បេក្ខជនស្វយរិនប្រឡងជំនួសចំនួន មួយករណី និងបេក្ខជនប្រឡងលួចចម្លងសំណៅឯកសារចំនួនពីរករណី និងករណីបុគ្គលិកអប់រំប្រព្រឹត្តកំហុសឆ្គង៤ករណី។

ដោយឡែកបេក្ខជនមានបញ្ហាសុខ ភាពចំនួន៤០ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបានបន្ទាប់ពីទទួលបានការសង្គ្រោះបឋម និងមានប្រាំករណីដែលមិនអាចត្រឡប់ពីមន្ទីរពេទ្យមកបន្តកប្រឡង ទៀតបាន។ ក្នុងនោះអនុរក្សមានបញ្ហា សុខភាពចំនួនពីរករណីផងដែរ ។

ក្រសួងអប់រំ យុវជននិងកីឡាបានបូក សរុបថា ដំណើរការសំណេរសម្រាប់ថ្ងៃទី២ បានបន្តប្រព្រឹត្តទៅដោយរលូនល្អមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ។

នៅតាមមណ្ឌលប្រឡងនីមួយៗបាន ដំណើរការដោយស្ងប់ស្ងាត់ និងមានរបៀប រៀបរយល្អដោយមានការយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ពីគណៈ កម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើ ពុករលួយ និងមកពីសហភាពសហព័ន្ធ យុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ។ ដោយឡែកបេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ។

ចំពោះស្ថានភាពអាកាសធាតុនាព្រឹកថ្ងៃទី២២ ខែសីហានៅតាមមណ្ឌលមួយ ចំនួនក្នុងខេត្តក្រចេះខេត្តព្រះសីហនុ និង ខេត្តរតនគិរីមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ ។

ក្រសួងអប់រំព្រមានឲ្យបញ្ឈប់ជាបន្ទាន់ការចែករំលែករាល់វិញ្ញាសាលើបណ្តាញសង្គមហ្វេសប៊ុក

ក្រសួងអប់រំ យុវជន និងកីឡាបានអំពាវ នាវដល់ម្ចាស់ទំព័រហ្វេសប៊ុក និងអ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យបញ្ឈប់ជា បន្ទាន់ រាល់ការចែករំលែកវិញ្ញាសា អត្រាកំណែ ឬ សន្លឹកកិច្ចការបេក្ខជនក្នុងរយៈពេលដំណើរ ការប្រឡង និងការប្រកាសលទ្ធផលផ្លូវការមិនទាន់ត្រូវបានបញ្ចប់បើពុំនោះទេក្រសួងនឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការស្វែងរកម្ចាស់ទំព័រ ឬគណនី ហ្វេសប៊ុកទាំងនេះមកទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួនតាមផ្លូវច្បាប់ ។

កោះកុងភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែមិនប៉ះពាល់ ដល់ការប្រឡងទេ

រហូតមកទល់នឹងម៉ោងជាង៩ព្រឹកថ្ងៃទី២២ ខែសីហា សកម្មភាពប្រឡងសញ្ញាបត្រមធម្យមសិក្សាទុតិយភូមិមិនមានអ្វីរាំងស្ទះឡើយទោះបីជាធ្លាក់ភ្លៀងធ្លាក់នៅតាមមណ្ឌលមួយចំនួនក៏ដោយ ។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និង កីឡាលោក រស់ សាលីន បានអះអាងថា កោះកុងភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែមិនប៉ះពាល់ ដល់ការប្រឡងទេ ។

សូមបញ្ជាក់ថា នៅតាមមណ្ឌលក្នុង ខេត្តមួយចំនួននាថ្ងៃប្រឡងបាក់ឌុបដំបូង មានភ្លៀងបានបង្អុរមក ប៉ុន្តែមិនរំខានដល់ បេក្ខជនឡើយ ក្នុងនោះមានខេត្តកណ្តាល តាកែវ ព្រះសីហនុ កោះកុង និងខេត្តក្រចេះ ជាដើម ។

យោងទៅតាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញ ផ្សាយកាលពីថ្ងៃទី២០ ខែសីហាថា ក្នុង ករណីមណ្ឌលប្រឡងណាដែលមានប្រធានស័ក្តិ (ភ្លៀងធំ)កើតមានជាក់ស្តែង ក្រសួងសូមណែនាំឲ្យគ្រប់ប្រធានមណ្ឌលប្រឡងអនុគ្រោះដល់បេក្ខជនរហូតដល់៣០នាទី ក្រោយពីជួងចាប់ផ្តើមវិញ្ញាសាសរសេរតែ ពុំពន្យារពេលនៃការបញ្ចប់វិញ្ញាសានីមួយៗឡើយដោយមានកំណត់ហេតុច្បាស់លាស់ តែបើពុំមានប្រធានស័ក្តិទេ(ភ្លៀងធំ) ត្រូវ អនុវត្តតាមគោលការណ៍ដែលមានស្រាប់ បេក្ខជនអាចមកយឺតយ៉ាងយូរបំផុត១៥នាទីក្រោយពីជួងចាប់ផ្តើមវិញ្ញាសាសរសេរ ។

បេក្ខនារីម្នាក់នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ អង្គុយប្រឡងក្នុងរថយន្ត ពេទ្យ

នៅព្រឹកថ្ងៃទី២២ ខែសីហានោះបេក្ខ នារីម្នាក់ដែលប្រឡងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅខាងជើងត្រូវអង្គុយ ប្រឡងនៅលើរថយន្ដសង្គ្រោះបន្ទាន់ដោយ សារមានជំងឺរលាកខ្នែងពោះវៀនទើបវះ កាត់រួច ។

យោងតាមហ្វេសបុ៊ករបស់ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា បេក្ខនារី ប្រឡងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅខាងជើងមានជំងឺរលាកខ្នែងពោះ វៀនដែលទើបទទួលការវះកាត់ត្រូវបាន គណៈមេប្រយោគអនុញ្ញាតឲ្យប្រឡងនៅទីធ្លាដែលមានបរិយាកាសល្អម្នាក់ឯងតាមការស្នើសុំរបស់បេក្ខជនដោយមានរថយន្តពេទ្យ និងគ្រូពេទ្យ២នាក់នៅប្រចាំការ។ បន្ទាប់ពីប្រឡងបានបន្តិចក៏សុំទៅពេទ្យរួចត្រឡប់មកប្រឡងម្ដងទៀតនៅពេលនេះ គណៈកម្មការអនុញ្ញាតឲ្យធ្វើកិច្ចការនៅលើរថយន្តសង្គ្រោះបន្ទាន់ ។

អត់ឈ្មោះប្រលងខ្លាចឪពុកម្តាយស្តីឲ្យ ស្លៀកពាក់សិស្សសាលាចូលលាក់ខ្លួនក្នុងមណ្ឌលប្រលង

អ្នកសង្កេតការណ៍ប្រចាំមណ្ឌលអនុវិទ្យា ល័យពោធិ៍សាត់បានឃើញប្អូនស្រីម្នាក់ សំងំលាក់ខ្លួនកន្លែងលក់នំចំណីក្នុងសាលា។ ក្រោយពីសាកសួរទើបដឹងថា ប្អូនបានគេច វេះមិនចូលរៀនអវត្តមានច្រើនមិនមានឈ្មោះប្រលង ហើយដោយសារខ្លាចឪពុកម្តាយស្តីបន្ទោសប្អូនក៏បានចូលមកលាក់ ខ្លួនក្នុងមណ្ឌលប្រឡង ។

យោងតាមហ្វេសប៊ុកអង្គភាពប្រឆាំង អំពើពុករលួយបានបង្ហាញថា បន្ទាប់ពី សាកសួរប្អូនរួចលោក ខូយ លឹមហុង បាន ទាក់ទងឪពុករបស់ប្អូនស្រីដើម្បីសាកសួរព័ត៌មានបន្ថែម។ ក្រោយពីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយហើយលោក អឹុម កុច ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តពោធិ៍សាត់បានផ្តល់ការណែនាំដល់ឪពុកប្អូនស្រី និងលើកទឹកចិត្តប្អូនស្រីឲ្យកែប្រែឥរិយាបថ និងចូលរៀនដើម្បីត្រៀម ប្រលងនៅឆ្នាំ២០១៨ខាងមុខ ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់កាលពីថ្ងៃទី២១ ខែសីហាថា ពុំមានការអនុគ្រោះណាមួយចំពោះបេក្ខ ជនដែលមានបញ្ហាសុខភាព ហើយមិន បានប្រឡងនោះទេ ។

លោក ហង់ ជួនណារ៉ុន បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ចំពោះបេក្ខ ជនដែលមានបញ្ហាសុខភាពហើយមិន បានប្រឡងក្រសួងមិនអនុគ្រោះនោះទេ ដោយពួគេអាចធ្លាក់ជាស្វ័យប្រវត្តិ។ លោក បានបញ្ជាក់ថា មូលហេតុធ្លាក់ស្វ័យប្រវត្តិ ដោយសារតែក្រសួងគ្មានគោលការណ៍ អនុគ្រោះ ព្រោះបើកាលណាអនុគ្រោះ សិស្សនឹងអាចមានទម្លាន់ឈឺដើម្បីជាប់ជាស្វ័យប្រវត្តិ ។

ពុកម្តាយព្រួយបារម្ភចំពោះកូនខ្លាំងណាស់

ជាក់ស្តែងនៅព្រឹកថ្ងៃទី១ និងថ្ងៃទី២នៅ មណ្ឌលប្រឡងបាក់ឌុបតែងតែឃើញមានវត្តមានឪពុកម្តាយបងប្អូនជូនកូន និងប្អូនជា បេក្ខជនប្រឡងជាច្រើនមិនត្រឹមតែប៉ុណ្ណោះមានម្តាយខ្លះបានអុជធូប សែនព្រេនតាម របងសាលាឲ្យទេវតាជួយថែរក្សាកូនៗឲ្យប្រឡងជប់និងបាននិទ្ទេសល្អគ្រប់គ្នាទៀតផង ។

នៅមណ្ឌលមួយចំនួនត្រូវបានបេក្ខជនខ្លះសន្លប់ជាបន្តបន្ទាប់ខណៈកំពុងតែបំពេញ វិញ្ញាសានៅក្នុងបន្ទាប់ ហើយភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗក្រោយពីមានអាការធូរស្រាលបេក្ខជនត្រូវបានចូលប្រឡងជាធម្មតា។ សូម ជូនពរដល់បេក្ខជនឲ្យប្រឡងជាប់ និងបាន និទ្ទេសល្អៗគ្រប់គ្នា៕ ហេង សូរិយា


ចែករំលែក៖