ព័ត៌មានទាន់ហេតុការណ៍៖

មិនដឹងជាមានវិបត្តិអ្វីនៅក្នុងចិត្តដោះស្រាយមិនចេញ សម្រេចចិត្តចងកបញ្ចប់ជីវិត

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីនៅក្នុងចិត្តដោះស្រាយមិនចេញ ក៏សម្រេចចិត្តចងកបញ្ចប់ជីវិតនៅលើផ្ទះឪពុកមា បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៩ និង៥០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យសាស្ត្រ ស្រុកស្អាង ព្រមទាំងក្រុមគ្រូពេទ្យជំនាញ បញ្ជាក់ថា ស្លាប់ដោយសារចងកធ្វើអត្តឃាតសម្លាប់​ខ្លួន មិនមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីឡើយ ។ ជនរងគ្រោះឈ្មោះ គង់ សុជាតិ ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយអ៊ុំប្រុស ក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ។

លោក អ៊ុក វ៉ាន់ថា ភេទប្រុស អាយុ៥២ឆ្នាំ បានបញ្ជាក់​ថា ជនរងគ្រោះជាក្មួយរបស់លោក បានមកស្នាក់នៅជាមួយអស់រយៈពេលជាយូមកហើយ ។ អ៊ុំប្រុសជនរងគ្រោះបានបញ្ជាក់ថា លោកពុំបានដឹងពីមូលហេតុអ្វីនោះទេ បានជាក្មួយប្រុសរបស់គាត់សម្រេចចិត្តគិត​ខ្លីចងកបញ្ចប់ជីវិតយ៉ាងដូច្នេះ ។ លោកអ៊ុំជនរងគ្រោះបានបញ្ជាក់ថា នៅវេលាល្ងាចលោកបាន​ឃើញក្មួយប្រុសដើរឡើងទៅលើផ្ទះជាធម្មតា រហូតដល់វេលាម៉ោងប្រមាណ៧និង៣០នាទីយប់មិនឃើញក្មួយប្រុសដើរចុះពីលើផ្ទះមកហូបបាយ ទើបលោកសម្រេចចិត្តឡើងទៅមើល ខណៈនោះស្រាប់តែឃើញក្មួយប្រុសចងកស្លាប់នៅលើផ្ទះតែម្តង ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖