ព័ត៌មានទាន់ហេតុការណ៍៖

មិនទាន់ទទួលព័ត៌មានសម្រាប់កិច្ចព្រមព្រៀងសាងសង់ស្ពានស្វាយជ្រំក្នុងដំណើរទស្សនកិច្ចប្រធានាធិបតីកូរ៉េមកកម្ពុជានោះទេ

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសាធា រណការ និងដឹកជញ្ជូន បានអះអាងថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតិកូរ៉េខាងត្បូងមកកាន់កម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនាខាងមុខនេះគឺក្រសួងមិនទាន់ទទួលព័ត៌មាន ឬក៏មានកិច្ចព្រមព្រៀងជាមួយភាគីកូរ៉េក្នុងការសាងសង់ស្ពានឆ្លងទន្លេមេគង្គ ពីតំបន់ជ្រោយចង្វាទៅកាន់តំបន់ស្វាយជ្រំនោះទេ ។

លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូនបាន ឱ្យដឹងថា រហូតមកដល់ពេលនេះនៅមិនទាន់ទទួលព័ត៌មានស្ដីពីកិច្ចព្រមព្រៀងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតំបន់ស្វាយជុំខាងលើនេះនៅឡើយទេ។ ពាក់ព័ន្ធ បញ្ហានេះលោកអ្នកនាំពាក្យបានបង្វែរឱ្យទៅមើលសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសវិញជុំវិញដំណើរទស្សនកិច្ចរបស់ លោក មួន ចេអុីន ប្រធានាធិបតី សាធារណរដ្ឋកូរ៉េដែលនឹងអញ្ជើញមក កាន់កម្ពុជា ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកប្រធានាធិបតីសាធារណរដ្ឋ កូរ៉េ និងភាគីកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ចំនួន។ ប៉ុន្តែក្រសួងការបរទេសមិនបាន បញ្ជាក់លម្អិតថា កិច្ចព្រមព្រៀងអ្វីខ្លះដែលថ្នាក់ដឹកនាំប្រទេសទាំង២នឹងត្រូវចុះហត្ថលេខានោះទេ ។

សូមជម្រាបថា គម្រោងសាងសង់ស្ពាន ជ្រោយចង្វា-ស្វាយជ្រំនេះ ត្រូវបានភាគីចិន សិក្សាចប់ម្តងរួចហើយ ប៉ុន្តែបច្ចុប្បន្នគម្រោង នេះ គឺស្ថិតក្រោមការសិក្សាគម្រោងរបស់ភាគីប្រទេសកូរ៉េវិញម្តង ។

កន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថាគម្រោងសាងសង់ស្ពាន ភ្ជាប់រវាងតំបន់ក្តីតាកុយភ្ជាប់ទៅកាន់តំបន់អរិយក្សត្រ និងពីផ្លូវកែវចិន្តានាតំបន់ជ្រោយចង្វាភ្ជាប់ទៅកាន់តំបន់ស្វាយជ្រំស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ដែលនឹងធ្វើឡើងនៅក្នុងអំឡុងឆ្នាំ២០១៩នេះ៕ ហេង សូរិយា


ចែករំលែក៖