ព័ត៌មានទាន់ហេតុការណ៍៖

មិនមែនជាការថតកុនទេ គឺក្មេងស្ទាវដេញកាប់គ្នាដួលម៉ូតូក្រោមរថយន្តបង្កជាអគ្គិភ័យ

ចែករំលែក៖

ខេត្តតាកែវ៖ មិនមែនជាការសម្តែង ឬ កុន-ថតវីដេអូនោះទេ ការពិតនេះជាទិដ្ឋភាពជាក់ស្តែងគួរឲ្យ ឲ្យញាក់សាច់មួយដែល ក្មេងទំនើង១ក្រុម ជិះម៉ូតូដេញកាប់គ្នាដូចហ្វូងគោ រួចជ្រុលទៅបុកជាប់ក្រោមរថយន្តកូរ៉េ១គ្រឿងកំពុងជិះច្រាស់ទិសគ្នា បង្កជាអគ្គិភ័យឆាបឆេះរថយន្តយន្តនិងម៉ូតូយ៉ាងសន្ធោសន្ធៅបណ្តាលឲ្យ ស្លាប់ម្នាក់របួសម្នាក់ ។

ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនៅម៉ោង១០ និង៩នាទីយប់ថ្ងៃ សុក្រ ១៥រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ (ខាងត្បូងផ្សារត្រាំខ្នារ) ស្ថិតនៅក្នុងភូមិត្រាំខ្នារ ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានក្មេងទំនើង១ក្រុម ជិះម៉ូតូដេញកាប់គ្នារួចដល់ចំណុចខាងលើ បានជ្រុលទៅបុកជាប់ក្រោមរថយន្តកូរ៉េ១គ្រឿងកំពុងជិះច្រាស់ទិសគ្នាបង្កជាអគ្គិភ័យឆាបឆេះម៉ូតូនិងរថយន្តយ៉ាងសន្ធោសន្ធៅតែម្តង ។រថយន្តដែលឆេះនេះ ជាប្រភេទរថយន្តកូរ៉េ១.៥តោន ពណ៌ផ្ទៃមេឃ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ហើយក្រោយមកត្រូវ បានរថយន្តពន្លត់អគ្គិភ័យស្រុកបាទីមួយគ្រឿងទៅដល់ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់តែរថយន្តនិងម៉ូតូឆេះនៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ។ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានដឹកយកទៅកាន់មន្ទីពេទ្យបង្អែកស្រុកបាទីដើម្បីធ្វើការសង្គ្រោះជាបន្ទាន់។

មន្រី្តនគរបាលស្រុកបាទីបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងឧប្បត្តិហេតុនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយចំពោះក្មេងស្ទាវដែលបង្កគ្រោះថ្នាក់ក្នុងករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ ខ្លួនផងដែរ ៕ សហការី


ចែករំលែក៖