ព័ត៌មានទាន់ហេតុការណ៍៖

មិនស្តាប់ការទូន្មានស្រវឹងកុំបើកបរ ជិះម៉ូតូបុករង្វង់មូលស្លាប់ម្នាក់ របួសស្រាលម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ យុវជន២នាក់ ជិះម៉ូតូឌុបគ្នា ក្នុងស្ថានភាពស្រវឹងជោកជាំ និងប្រើប្រាស់ល្បឿនលឿនហួសកំណត់ផងនោះ បានជ្រុលចង្កូតទៅបុកខឿនរបងសាលាខេត្ត បណ្ដាលឲ្យស្លាប់ម្នាក់ របួសស្រាលម្នាក់ រីឯម៉ូតូរងការខូចខាតយ៉ាងដំណំ។

គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយបើកបរមានជាតិស្រវឹងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃ អង្គារ ១១ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចរង្វល់មូលសាលាខេត្តកំពង់ស្ពឺ ក្នុងក្រុងច្បារមន ។

សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-0234 ជិះដោយយុវជនពីរនាក់ បើកបរទិសដៅពីជើងទៅត្បូងកាត់តាមផ្លូវវិមានឯករាជ្យ។ ខណៈអ្នកបើកបរស្រវឹងជោក និងបើកបរមានល្បឿនលឿនផងនោះ ក៏បានជ្រុលចង្កូតទៅបុកខឿនរង្វល់មូលសាលាខេត្ត បណ្ដាលឲ្យដួលរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបានគេសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។

នគរបាលចរាចរក្រុងច្បារមនបានឲ្យដឹងថា អ្នកបើកបរឈ្មោះ ផាន់ ឧត្ដម ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ រងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។ ឯអ្នករួមដំណើរឈ្មោះ បូ រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ជិះពីក្រោយ រងរបួសស្រាល។

ក្រោយកើតហេតុម៉ូតូដែលខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលស្វាយក្រវ៉ាន់ ដើម្បីទុកប្រគល់ជូនគ្រួសារអ្នករងគ្រោះវិញ គ្រាដែលក្រុមគ្រួសារយកសពទៅ ធ្វើបុណ្យតាមប្រពៃណីនីគេហដ្ឋាន ៕ សេនាស័ក្តិ


ចែករំលែក៖