ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ានឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី២៨ ខែមីនា

ចែករំលែក៖

បច្ចុប្បន្នមីយ៉ាន់ម៉ាកំពុងប្រឈមនឹង ការផ្លាស់ប្តូរនយោបាយដឹកនាំ ក្រោយពេលប្រធានាធិបតីលាលែងចេញពីតំណែង ។ ការលាលែងពីតំណែង គឺជាសញ្ញានៃការ ផ្លាស់ប្តូរ របបដឹកនាំឲ្យមានប្រសិទ្ធិភាពជាងនេះ ក្រោយពេលសហគមន៍អន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំង ទៅលើរបប ដឹកនាំមីយ៉ាន់ម៉ា ដែលបានធ្វើឲ្យក្រុមជន ជាតិភាគតិច រ៉ូហ៊ីងយ៉ាជាច្រើនស្លាប់។

នៅថ្ងៃទី២៨ ខែមីនានេះ សភានៃសហ ភាពមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោត ប្រធានាធិបតី ដើម្បីបំពេញតំណែងប្រធានាធិបតីដែលនៅទំនេរ បន្ទាប់ពីលោក យូ ហាស់ធីន ក្យវ (U Htin Kyaw) ប្រកាស លាលែងពីមុខតំណែង កាលពីសប្ដាហ៍ មុន។ នេះបើតាមប្រភពពីសភាមីយ៉ាន់ម៉ា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។

យោងតាមប្រភពខាងលើដដែល ការប្រកាសនេះធ្វើឡើងដោយប្រធានសភាជាន់ខ្ពស់ លោក យូ ម៉ាន់ វីន ខេង ថាន់ (U Mahn Win Khaing Than)។ ការបោះ ឆ្នោតប្រធានាធិបតី នឹងត្រូវប្រព្រឹត្តទៅដោយមានការចូលរួមពីអនុប្រធានាធិបតីបីរូប ក្នុងនោះរួមមាន លោក យូ ម្យីនត៍ ស្វេ (U Myint Swe), លោក យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) និង លោក យូ វីន ម្យីនត៍ (U Win Myint)។ សម្រាប់ លោក U Win Myint ត្រូវបានសភាបោះឆ្នោត ផ្ដល់ទំនុកចិត្ត ឱ្យកាន់តំណែង ជាអនុប្រធានាធិបតីកាលពីសប្ដាហ៍មុន។

លោក U Win Myint មកពីគណបក្ស សម្ពន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (LND) គឺជាអតីតប្រធានសភាជាន់ទាបមីយ៉ាន់ម៉ា ប៉ុន្តែលោកបានសុំលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ ទន្ទឹមគ្នានោះដែរ មួយថ្ងៃបន្ទាប់ពីការ លាលែង នេះ អនុប្រធានរបស់លោក គឺលោក យូ ធី ឃុន ម្យ៉ាត (U T Khun Myat) បានជាប់ឆ្នោតជាប្រធានសភាជាន់ទាបថ្មី។

គួរបញ្ជាក់ថា សភាមីយ៉ាន់ម៉ា បានចាប់ផ្ដើមអាណត្តិរបស់ខ្លួនរយៈពេល៥ឆ្នាំ កាលពីខែកុម្ភៈ និងកាលពីខែមេសា សម្រាប់រដ្ឋាភិបាល មីយ៉ាន់ម៉ា ក្រោមការ ដឹកនាំដោយគណបក្ស NLD ដែលបាន ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០១៥៕ ម៉ែវ សាធី


ចែករំលែក៖