ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ារកឃើញសាកសពមនុស្ស និងយន្តហោះយោធាដែលបាត់ខ្លួន

ចែករំលែក៖

កម្លាំងទាហានជើងទឹកមីយ៉ាន់ម៉ាបានរកឃើញសាកសព១០នាក់ នៅតំបន់សមុទ្រភាគខាងត្បូងប្រទេសនេះ ក្រោយការធ្លាក់យន្តហោះដឹកជញ្ជូនយោធា Y-8 ដឹកអ្នកដំណើរ១២២នាក់ ក្នុងនោះមានទាហាន និងសាចញ្ញាត្តិរួមទាំងក្រុមពហុនិកា។

នាវារបស់កម្លាំងទាហានជើងទឹកមីយ៉ាន់ម៉ា និងឧទ្ទម្ភាគច័ក្របានប្រទះឃើញបំណែកយន្តហោះនៅឆ្នេរសមុទ្រស្រុក Launglon ។ យន្តហោះ Y-8 ផលិតនៅក្នុងប្រទេសចិនបានបាត់ខ្លួនកាលពីថ្ងៃទី៧ ខែមិថុនា ក្នុងពេលហោះហើរពីទីក្រុង Myeik ទៅកាន់ទីក្រុង Yangon ។ យន្តហោះនេះបានបាត់ទំនាក់ទំនងជាមួយទីបញ្ជាការហោះហើរ ក្រោយហោះផុតពីដីបាន២៩នាទី ក្នុងកម្ពស់៥.៤៨៤ម៉ែត្រ លើដែនសមុទ្រ Andaman ចម្ងាយពីទីក្រុង Dawei ប្រមាន៧០គីឡូម៉ែត្រ។

នៅពេលនេះ រថយន្តជួយសង្គ្រោះប្រាមាណ៤០គ្រឿង និងក្រុមជួយសង្គ្រោះជាច្រើនបានបញ្ជូនទៅកាន់ស្រុក Sanlan ជាទីកន្លែងទទួលសាកសពជនរង្គ្រោះបញ្ជូនមកពីនាវា។

សារព័ត៌មាន AFP បានដកស្រង់សម្តីអនុប្រធានមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ លោក Kyaw Moe Oo បានបញ្ជាក់ថា នៅពេលដែលមានហេតុការណ៍គ្រោះថ្នាក់កើតឡើង ស្ថានភាពអាកាសធាតុល្អធម្មតាគ្មានភ្លៀងព្យុះនោះឡើយ។

មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ កំពុងតែស្រាវជ្រាវដោយសារតែពេលគ្រោះថ្នាក់អាកាសធាតុល្អធម្មតា ចំណែកយន្តហោះក៏ទើបតែទិញពីប្រទេសចិនកាលពីឆ្នាំ២០១៦។ តើគ្រោះថ្នាក់អាចមកពីបច្ចេកទេស ឬក៏ភេរវកម្ម?៕ ម៉ែវ សាធី


ចែករំលែក៖