ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ា នឹងពិភាក្សា សន្តិភាពជាមួយក្រុមប្រដាប់អាវុធ

ចែករំលែក៖

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Zaw Htay បានប្រកាសឲ្យដឹងថា ទ្វារនៃកិច្ចពិភាក្សាសន្តិភាពនៅតែបើកចំហរ សម្រាប់ក្រុមឧទ្ទាមប្រដាប់អាវុធនៅក្នុងប្រទេសនេះ ។ ជាមួយគ្នានេះ រដ្ឋាភិបាល នឹងបន្តស្វែងរកសន្តិភាព តាមរយៈគណៈកម្មការសន្តិភាពដែលបានបង្កើតឡើង ។

លោក U Zaw Htay បានបន្តទៀតថា រដ្ឋាភិបាលបាន ស្វាគមន៍រាល់ការចរចានយោបាយ ស្តីពីសិទ្ធិប្រជាជន ដោយមានតម្លាភាព គោរពទៅតាមគោលការណ៍សន្តិភាព ។

កាលពីថ្ងៃទី៤ ខែមករា ក្រុមប្រដាប់អាវុធ Arakan Army (AA) បានបើកការវាយប្រហារទៅលើទីតាំងប៉ូលិស ស្ថិតនៅក្នុងភូមិ Myin Baw, Kyaung Taung , Ka Gtee Hla និង Goke Pi ក្នុងស្រុង Buthidaung រដ្ឋ រ៉ាឃីន សម្លាប់ប៉ូលិស១៣នាក់ និង៩នាក់រងរបួស ។

ក្រោយហេតុការណ៍ខាងលើកើតឡើង ប្រធានាធិបតី U Win Myint កាលពីថ្ងៃទី៧ ខែមករា បានកោះប្រជុំជាបន្ទាន់ ស្តីពីសន្តិសុខនៅក្នុងរដ្ឋ រ៉ាឃីន។ ក្រុមអង្គការសិទ្ធិមនុស្ស បានថ្កោលទោស ទៅលើការវាយប្រហារខាងលើ ដោយចាត់ទុកថា ជាសកម្មភាពវាយប្រហារភេរវកម្ម បំផ្លាញដល់ដំណើរការនៃការស្វែងរកសន្តិភាពយូរអង្វែងនៅក្នុងប្រទេសនេះ ៕


ចែករំលែក៖