ព័ត៌មានទាន់ហេតុការណ៍៖

មុខរបរត្បាញកន្ទេល របស់អ្នកស្រុកកំពង់លែង ក្រោយពីបញ្ចប់រដូវ ដក ស្ទូង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីបញ្ចប់ការងារ ដក ស្ទូងស្រូវ នារដូវវស្សា គេសង្កេតឃើញថា នៅក្រោមផ្ទះរបស់ប្រជាពលរដ្ឋជាទូទៅឃើញមានស្រ្តី២ទៅ៣នាក់ អង្គុយខាងក្រោមផ្ទះ ម្នាក់អ្នកចាក់ និង ម្នាក់ទៀតអ្នកគោះ នៅលើកីតម្បាញមួយដែលបានក្រងរួចជាស្រេច ។

ភូមិអណ្តូរនុក ឃុំត្រងិល ស្រុកកំពង់លែង គឺជាភូមិមួយដែលមានប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម ដាំដុះ ប៉ុន្តែក្រោយពីរដូវដកស្ទូងបានបញ្ចប់ ឃើញប្រជាពលរដ្ឋនៅក្នុងភូមិនេះ មានមុខរបរមួយទៀត គឺត្បាញកន្ទេលកក់លក់ គ្រប់ខ្នាតគ្រប់ទំហំ មុខរបរមួយនេះគឺមានតាំងពីយូរណាស់មកហើយ ។

ស្រ្តីម្នាក់ឈ្មោះ វ៉ន ចន្ធី អាយុប្រមាណជាង៣០ឆ្នាំ ដៃទាំងពីរកំពុងកាន់ឈើចាក់ភ្ជាប់ជាមួយនឹងដើមកក់ ចាក់ចូលក្នុងខ្សែកីតម្បាញ និង ម្នាក់ទៀតជាអ្នកគោះកន្ទេល បានប្រាប់ថា គាត់ចេះត្បាញកន្ទេលនេះ តាំងពីនៅតូចៗមកម្ល៉េះ គឺចេះតាមឪពុក ម្តាយ តៗគ្នាមក ។ កាលពីនៅរៀន នៅពេលដល់រដូវនេះ គាត់តែងតែជួយកិច្ចការនេះ ក្រោយពីទំនេរពីរៀនសូត្រ ហើយអ្នកភូមិនេះ ចេះត្បាញកន្ទេលកក់នេះស្ទើរតែគ្រប់គ្នាទៅហើយ ។

គាត់បានប្រាប់ទៀតថា ដើម្បីបានកន្ទេលមួយ គឺយើងត្រូវការបស់ជាច្រើន ដូចខ្សែប្រចៅ ដើមកក់ លាក់ពណ៌ ដែលវត្ថុធាតុដើមទាំងនេះ គឺដាំដោយខ្លួនឯង លើកលែងតែលាក់ពណ៌ប៉ុណ្ណោះដែលទិញគេ ។ ក្រោយពីបានខ្សែប្រចៅ និង កក់ស្ងួតជ្រលក់ពណ៌រួចមក គឺយើងរៀបចំកីតម្បាញដើម្បីត្បាញ ដែលកន្ទេលមួយគឺប្រើមនុស្ស២នាក់យ៉ាងតិច គឺម្នាក់អ្នកគោះ និង ម្នាក់អ្នកចាក់កក់ចូលទៅតាមខែ្សប្រចៅ ដែលបានក្រងតាមពុម្ពកីតម្បាញ ។

ក្នុងមួយថ្ងៃ គាត់អាចត្បាញកន្ទេលបាន២ទៅ៣កន្ទេល តាមសភាពជាក់ស្តែង ទៅតាមទំហំ របស់កន្ទេលនីមួយៗ ។ បើទោះបីការងារមួយនេះ មានការលំបាកច្រើនតែ ពួកគាត់នៅតែសប្បាយរីករាយជាមួយនឹងការងារមួយនេះ ព្រោះជាមុខរបរមួយដ៏សំខាន់ សម្រេចបំបាត់ការអផ្សុកក្រោយពីទំនេរពីការដកស្ទូង ។

ស្រ្តីរូបនេះបានប្រាប់ឲ្យដឹងទៀតថា កន្ទេលមួយអាចលក់បានតម្លៃចាប់ពី៤ម៉ឺនរៀលឡើងទៅ ហើយក្នុងមួយរដូវៗ គាត់អាចត្បាញកន្ទេលបានប្រមាណពី ៧០ ទៅជាង១០០កន្ទេល ។ ការត្បាញកន្ទេលនេះ គឺបើអ្នកដែលមានគ្នាតិច ឬ តែម្នាក់ឯងគឺត្រូវធ្វើរបរ នេះដោយប្រវ៉ះដៃគ្នា(គឺជួយគ្នាម្តងម្នាក់) ។

ចំពោះទីផ្សារកន្ទេលកក់នេះ មិនសូវមានបញ្ហានោះទេ ក្រោយពីត្បាញកន្ទេលចប់សព្វគ្រប់ មានឈ្មួញមកទិញយកដល់ផ្ទះតែម្តង ហើយក្នុង១រដូវនេះ គឺគាត់អាចរកលុយបានគ្រាន់បើដែរ ពី៣លានរៀល ទៅ៤លានរៀល ឬច្រើនជាងនេះ ។

ក្រោយពីបញ្ចប់របរត្បាញកន្ទេលនេះ គឺអ្នកភូមិមួយនេះ បានធ្វើបុណ្យមួយ គឺបុណ្យផ្កាកន្ទេល ដើម្បីហែកន្ទេលនេះ យកទៅវត្តណាមួយ ដែលខ្វះខាតកន្ទេលសម្រាប់ប្រើប្រាស់ នៅក្នុងទីអារ៉ាមនេះ ។ ប្រសិនបើបងប្អូនដែលចង់បានកន្ទេលកក់ ដែលល្អ ហាប់ណែន និងប្រើប្រាស់បានយូរ នោះអាច មករកទិញ កន្ទេលកក់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕ ចន្ថា


ចែករំលែក៖