ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​​ជំនាញ​​វះ​យក​កាបូប​លុយប្រជាពលរដ្ឋតាម​បណ្តាផ្សារច្បារអំពៅ​​ ​ត្រូវ​សន្តិសុខ​ផ្សារចាប់ខ្លួន

ចែករំលែក៖

​ភ្នំពេញ៖​ ចោរស្រីម្នាក់ដែលជា​ មុខសញ្ញា​ជំនាញ​ខាង​វះ​យក​កាបូប​លុយ​ពី​ភ្ញៀវ​ដែល​មក​ចូល​ទិញ​អីវ៉ាន់​តាម​បណ្តាផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ​និង​ខេត្តកណ្តាល ​ត្រូវ​បាន​សន្តិសុខ​ផ្សារ​បន្លែ​ច្បារអំពៅ ​ចាប់ខ្លួនបានហើយ​ ។

ករណីឃាត់ខ្លួនស្រ្តីសង្ស័យខាងលើនេះ​ បានធ្វើឡើងកាលពី​វេលា​ម៉ោង​៦​ និង​ ១០​ នាទី​ព្រឹក​ ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្នុង​ផ្សារ​បន្លែច្បារអំពៅ ​ភូមិ​កណ្តាល ​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌច្បារអំពៅ ​រាជធានី​ភ្នំពេញ​។​

​ស្ត្រី​សង្ស័យ​ឈ្មោះ ​លឹម អុល អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល​ស្ថិតក្នុង​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល ​។​ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ​ហុង សូ​ដា​នី អាយុ​៣៨​ឆ្នាំមាន ទីលំនៅ ​ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារអំពៅ​ទី​២ (​ក្បែរ​ផ្សារ​)​ ​មាន​លុយ​ ១០០ ​ដុល្លារ ​លុយខ្មែរ​ ១៥ ​ម៉ឺនរៀល ​រួមទាំង​អត្តសញ្ញាណប័ណ្ណ​ និង​នាមប័ណ្ណ​។

គួរបញ្ជាក់ថា​ នៅពេលដែលកម្លាំង​សន្តិសុខ​ផ្សា​រច្បារអំពៅចាប់ខ្លួនបញ្ជូនទៅ​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​ គឺ​ស្ត្រី​រូបនេះ​ត្រូវបានជនរងគ្រោះ​ចង្អុលមុខ​ថា​ ជា​អ្នក​វះ​ហោប៉ៅ​ខោ​គាត់​យក​កាបូបដៃ​ ខ​ណៈពេលដែល​មក​ទិញអី​វ៉ាន់​នៅ​ផ្សារ​បន្លែ​ច្បារអំពៅ​ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កណ្តាល ​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌច្បារអំពៅ ​រាជធានី​ភ្នំពេញ​ ហើយត្រូវប្រជាពលរដ្ឋ​ជាច្រើន​ចង់​ស្ទុះ​មក​វាយ​តាមកំហឹង​ ព្រោះ​ស្ត្រី​ខាងលើ​តែងតែ​ធ្វើ​សកម្មភាព​វះ​ហោប៉ៅ​យក​កាបូប​លុយ​តាម​ផ្សារ​មិនដែលខកខាន ​តែ ​ថ្ងៃនេះ​ជា​ថ្ងៃ​ស៊យ​ក៏ត្រូវ​ជាប់អន្ទាក់​សន្តិសុខ​ផ្សារ​តែម្តង​ ។

ក្រោយពេលសមត្ថកិច្ចធ្វើការសាកសួររួច ក៏បានបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់អធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ដតាមនីតិធី ៕ ស តារា


ចែករំលែក៖