ព័ត៌មានទាន់ហេតុការណ៍៖

មេគយខេត្តបន្ទាយមានជ័យស្នើសុំពន្យារអាយុបានជោគជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ត្រូវបានមហាជនរិះគន់កប់មាត់ៗ បន្ទាប់បែកធ្លាយលិខិតស្នើសុំពន្យាអាយុចូលនិវត្តន៍ ព្រោះតែក្រាញននៀលនឹងតំណែងខ្លាញ់មួយនេះ ទោះបីខ្លួនអត់ពេលក៏ដោយនោះ ។

យោងតាមលិខិតស្នើសុំពន្យារពេលចូលនិវត្តន៍របស់ លោកឆែ សុធា មេគយខេត្តបន្ទាយមានជ័យបានសរសេថា «ខ្ញុំបាទឈ្មោះឆែ សុធា ភេទប្រុស មានថ្ងៃខែឆ្នាំកំណើត ថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៥៧ បច្ចុប្បន្នជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ នៃអគ្គនាកយដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្នើសុំពន្យារពេលអាណត្តិរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ » ។

លោកឆែ សុធា បានសរសេលើកតំកើងខ្លួនឯងថា «បច្ចុប្បន្ន ខ្ញុំបាទបានបម្រើការងារជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ និងបានខិតខំបម្រើជាតិមាតុភូមិ ទទួលបានសមិទ្ធផលសំខាន់ៗដូចជា៖ ចាប់ពីខែធ្នូ ឆ្នាំ២០១៥ កន្លងមក ខ្ញុំបាទបានខិតខំអនុវតហតយុទ្ធសាស្ត្រកៀងគរចំណូលរបស់រាជរដ្ឋាភិបាលដោយធ្វើឲ្យចំណូលពន្ធគយ នៅខេត្តបន្ទាយមានជ័យ មានការកើនឡើងគួរជាទីមោទន: និងថែមទាំងបានបង្ការ និងបង្ក្រាបនូវរាល់បាតុភាពអសកម្មនានា ដែលធ្លាប់កើតមានកន្លងមកដោយជនឆ្លៀតឱកាសមួយចំនួន»។

ក្នុងលិខិតស្នើសុំពន្យាអាណត្តិរបស់មេគយរួបនេះ បានសរសេរទៀតថា «ខ្ញុំបាទ ជាអនុប្រធានគណ:ពង្រឹងស្រុកមង្គលបូរី និងជាប្រធានគណ:ពង្រឹងឃុំឬស្សីក្រោក (ចំនួន១៧ភូមិ) ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ លើសពីនេះ ខ្ញុំបាទក៏ជាអនុប្រធានគណ:ពង្រឹងឃុំព្រែកកំពឹស (១៧ភូមិ) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ទើបលោកសុំអនុញ្ញាតិ្តបាននៅបន្តបម្រើការងារបន្តទៀតដោយក្តីអនុគ្រោះ»។

មិនអាចទំនាក់ទំនង សុំការបកស្រាយបំភ្លឺពីលោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករ ខត្តបន្ទាយមានជ័យ បានឡើយទាក់ទិនការស្នើសុំពន្យាកំណើតកន្លែងខ្លាញ់ក្នុងការប្រមូលលុយចំណូលពន្ធនេះ។

សូមបញ្ជាក់ថា លោកឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ តាមច្បាប់ស្តីពីសហលក្ខន្តិក:មន្ត្រីរាជការស៊ីវិល ប៉ុន្តែលោកបានព្យាយាមស្វះស្វែងដើម្បីរក្សាតំណែងរបស់ខ្លួនបន្តទៀត។

មន្ត្រីរាជការក្នុងខេត្តបន្ទាយមានជ័យ បានខ្សឹបខ្សៀវគ្នាថា លោកឆែ សុធា មេគយខេត្តបន្ទាយមានជ័យ ពិតអស្ចារ្យមែនអាចស្នើសុំពន្យារពេលអាយុចូលនិវត្តន៍បានមិនដឹងជាត្រូវរត់ការអស់លុយកាក់ប៉ុន្មាននោះទេ ដើម្បីក្រាញននៀលតំណែងដ៏ខ្លាញ់ និងត្រូវប៉ាន់មួយនេះ។

ការខ្សឹបខ្សៀវគ្នានេះ បានរិះគន់ថា កន្លងមកលោកឆែ សុធា ប្រធានសាខាគយ និងរដ្ឋាកររូបនេះ ធ្លាប់បានដាក់ប៉ុស្តិ៍ស្ទាក់យកលុយពីរថយន្តដឹកទំនិញ ទី១- ត្រង់ចំណុចសាលាក្រហម ក្នុងឃុំសុភី ស្រុកអូរជ្រៅ, ទី២- ក្នុងឃុំគោកទន្លាប់ ស្រុកមង្គលបុរី ទោះបីទំនិញបង់ពន្ធត្រឹមត្រូវពីច្រកព្រំដែន និងច្រករបៀងយ៉ាងណាក៏ដោយមិនគេចផុតពីបង់លុយក្បាលឲ្យមន្ត្រីគយប្រចាំប៉ុស្ដិ៍ជជុះទាំង២កន្លែងនេះដែរ។

សូមរម្លឹកថា សព្វថ្ងៃនេះទំនិញគេចពន្ធ និងទំនិញខុសច្បាប់បន្លែរបន្លំបង់ពន្ធមិនគ្រប់មានការហូរចូលតាមច្រកព្រំដែនប៉ោយប៉ែត និងច្រករបៀងនានាក្នុងខេត្តនេះ ដែលក្រុមឈ្មួញឃុបឃិតគ្នាជាមួយសមត្ថកិច្ចតាមព្រំដែនជាពិសេសមន្ត្រីគយតែម្តង ៕ ស តារា


ចែករំលែក៖