ព័ត៌មានទាន់ហេតុការណ៍៖

មេគយច្រកទ្វារអន្តរជាតិអូស្មាច់បើកចំហរនាំចូលមាន់អត់ច្បាប់ពីប្រទេសថៃ

ចែករំលែក៖

ខេត្តឧត្តមានជ័យ៖ លោកគួន សុភាព ប្រធានស្នាក់ការសារខាគយ និងរដ្ឋាករប្រចាំនៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តមានជ័យ កំពុងតែទទួលរងការចោទថា បានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ ដោយមានការបើកចំហរឲ្យនាំសត្វមាន់រស់ពីប្រទេសថៃអត់ច្បាប់ ចូលមកខេត្តឧត្តមានជ័យរាប់តោនក្នុងមួយថ្ងៃៗ។

បើតាមការឲ្យដឹងពីសមត្ថកិច្ចថា មានអាជីវកររកស៊ីដឹកមាន់រស់មកពីប្រទេសថៃ ដឹកជញ្ញូនយ៉ាងតិច៣០ទៅ៤០រថយន្ដក្នុងមួយថ្ងៃ ដោយគ្មានមន្រ្ដីជំនាញណាម្នាក់យកចិត្តទុកដាក់ពិ និត្យ និងឲ្យមានការបង់ពន្ធត្រឹមត្រូវនោះឡើយ។

បើតាមប្រភពបានឲ្យដឹងថា មាន់ថៃដែលបាននាំចូលនៅតាមច្រកទ្វាអន្តរជាតិអូស្មាច់ គឺជាប្រភេទមាន់ដែលមានពណ៌សម្បុរ ដូចជាមាន់ចិញ្ចឹមបែបធម្មជាតិ ដែលឈ្មួញយកមកលក់បន្លំជាមាន់ខ្មែរ តែធាតុពិតជាមាន់ចិញ្ចឹមចំណីរបស់ថៃ ហើយឈ្មួញបានយកមាន់ទាំងអស់នេះ ទៅចែកចាយជាច្រើនខេត្ត ដូចជាខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តសៀមរាប។

បើតាមការឲ្យដឹង លោកគួន សុភាព មេគយរូបនេះ មិនត្រឹមតែបើកចំហរការនាំចូលសត្វមាន់អត់ច្បាប់ប៉ុណ្ណោះទេ កំពុងល្បីថាមានការឃុបឃិតនាំចូលទំនិញគេចពន្ធជាច្រើនប្រភេទ ជាពិសេសនាំចូលអាហារកាកសំណល់ ដូចជាឆ្អឹងមាន់ និងពងមាន់ ពងទាស្អុយមកពីប្រទេសថៃ ដាក់លក់អនាធិបតេយ្យ ពាស់ពេញនៅក្នុងខេត្ត។

ដោយសារតែមានការបើកចំឲ្យមានការនាំចូលទំនិញអត់ច្បាប់ដ៏សន្ធឹកសន្ធប់តាមច្រកទ្វាអន្តរជាតិអូស្មាច់ ទើបធ្វើឲ្យមានកុងត្រូលជជុះគយចល័តខេត្ត និងគយចល័តក្រសួងពីស្ថាប័នផ្សេងទៀត ដេកចាំនៅលើដងផ្លូវចេញពីច្រកទ្វាអន្តេជាតិ ចាំទទួលផលជារៀងរាល់ថ្ងៃ។

ជុំវិញករណីខាងលើ លោកគួន សុភាព មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ពីព្រោះទូសព្ទ័ជាប់រវល់រហូត ៕ ប៉ែន នួន


ចែករំលែក៖