ព័ត៌មានទាន់ហេតុការណ៍៖

មេច្រកទ្វារព្រែកចាកនៅតែឃុបឃិតអនុញ្ញាតឲ្យឈ្មួញនាំគ្រឿងសមុទ្រមានដាក់សារធាតុគីមីចូល

ចែករំលែក៖

ខេត្តកំពត៖ នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ មិថុនា ឆ្នាំ២០១៧ គ្រឿងសមុទ្រផ្ទុកសារធាតុគីមីចំនួន ៤២០គីឡូក្រាមត្រូវបានជំនាញកាំកុងត្រូលសហការជាមួយកម្លាំងជលផលនិងមន្ត្រីអាវុធហត្ថបង្ក្រាបបាន ខណៈឈ្មួញលួចដឹកតាមរថយន្ត១គ្រឿងចូលតាមច្រកព្រែកចាក ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ ត្រាច ។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតបានឲ្យដឹងថា រថយន្តដែលកម្លាំងបង្ក្រាបពាក់ស្លាកលេខភ្នំពេញ 2AN-6702 បើក បរដោយឈ្មោះ មាស សិទ្ធិ ។ ចំពោះគ្រឿងសមុទ្ររកឃើញរួមមានបង្គា២១កេស, មឹក ស្រស់៣៦កេស, ក្តាមថ្មរស់២កេស និងក្តាមសេះរស់៨កេសសរុបជាង៨០០គីឡូក្រាម។

លោក សៅ រស្មី ប្រធានប៉ុស្តិ៍កាំកុងត្រូលប្រចាំច្រកព្រំដែនអន្តរជាតិព្រែកចាកក៏ បានបញ្ជាក់ដែរថា ក្រោយឃាត់រថយន្ត មួយនេះជំនាញត្រួតពិនិត្យរកឃើញបង្គាស្រស់ចំនួន៤២០គីឡូក្រាម មានផ្ទុកជាតិចាហួយដែលជាសារធាតុគីមីហាមឃាត់ប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។

បង្គាទាំងនោះនឹងត្រូវយកទៅដុតកម្ទេចចោល។ ចំណែកគ្រឿងសមុទ្រមួយចំនួនទៀតគ្មានជាតិគីមីត្រូវបានប្រគល់ជូនមន្ត្រីជលផល ព្រោះទំនិញទាំងអស់នោះគ្មានលិខិតអនុញ្ញាតនាំចូល ៕ ហេង សូរិយា


ចែករំលែក៖