ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំសាសនាជាន់ខ្ពស់អុីរ៉ង់អំពាវនាវដល់ប្រទេសអ៊ិស្លាមរួមគ្នាប្រឆាំងអាមេរិក

ចែករំលែក៖

មេដឹកនាំសាសនាដែលមានឥទ្ធិពល បំផុតនៅក្នុងប្រទេសអុីរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវដល់ ប្រទេសអ៊ិស្លាមទាំងអស់រួមគ្នាប្រឆាំងនឹងអាមេរិក។

បណ្តាញទូរទស្សន៍ជាតិអីរ៉ង់ កាលពីថ្ងៃ ទី២៦ ខែមេសាបានផ្សាយថា ទីក្រុងតេ អេរ៉ង់ បានអំពាវនាវដល់ប្រទេសអ៊ិស្លាមសាមគ្គីគ្នា មិនត្រូវចុះចាញ់ចំពោះការគំរាមកំហែងរបស់សត្រូវ មួយចំនួននោះឡើយ។

មេដឹកនាំជាន់ខ្ពស់ Khamenei បាន ប្រកាសថា «ជនជាតិអុីរ៉ង់ទទួលបានជោគជ័យនៅក្នុងយុទ្ធសាស្ត្រ ប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក និងប្រទេសមហា អំណាចផ្សេងទៀត។ ប្រទេសអ៊ិស្លាមទាំងអស់គួរតែសាមគ្គីគ្នា ដើម្បីប្រឆាំងនឹង សត្រូវទាំងនោះ»។

មូលហេតុ ដែលធ្វើឲ្យមេដឹកនាំជាន់ ខ្ពស់អុីរ៉ង់អំពាវនាវដូចខាងលើ គឺដោយ សារតែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសមួយចំនួននៅ មជ្ឈិមបូព៌ា នឹងមិនអាចស្ថិតស្ថេរបានមួយសប្តាហ៍ឡើយបើគ្មានការការពារពីអាមេរិក នោះ។

ជាមួយគ្នានេះ អគ្គលេខាធិការ គណៈ កម្មការសន្តិសុខជាតិអុីរ៉ង់ លោក Ali Shamkhani បានអំពាវនាវដល់រដ្ឋាភិបាល អុីរ៉ង់ ចិន និងរុស្ស៊ី ឲ្យបង្កើននូវយុទ្ធសាស្ត្រ រួម ដើម្បីរារាំងអាមេរិកបំផ្លាញដល់ប្រទេសផ្សេងទៀត។

កន្លងមកចិន និងរុស្ស៊ីក៏បានប្តេជ្ញា ការពារកិច្ចព្រមព្រៀងបរមាណូ រវាងប្រទេស ៥+១ ដោយមិនអនុញ្ញាតឲ្យអាមេរិកបំផ្លាញ កិច្ចព្រមព្រៀងតាមតែចិត្តនោះឡើយ។ ប្រទេសមហាអំណាចទាំងពីរក៏បានស្នើ ដល់អង្គការសហប្រជាជាតិ គាំទ្រដល់កិច្ចព្រមព្រៀងបរមាណូរវាងលោកខាងលិច នឹងអុីរ៉ង់ ដោយរារាំងគោលបំណងចង់លុបកិច្ចព្រមព្រៀងទាំងនោះរបស់លោកត្រាំ។

នៅពេលនេះដែរ ប្រមុខការទូតរុស្ស៊ី ទួរគី និងអ៊ីរ៉ង់ នឹងបើកកិច្ចប្រជុំមួយស្តីពី បញ្ហាស៊ីរី នៅក្នុងទីក្រុងមូស្គូ នាថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ នេះបើតាមសេចក្តី ប្រកាសពីរដ្ឋាភិបាលទួរគី ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

ដំណឹងខាងលើត្រូវបានធ្វើឡើងដោយក្រសួងការបរទេសទួរគី ដែលបានប្រកាស ថា រដ្ឋមន្រ្តីការបរទេសរបស់ទួរគី រដ្ឋមន្រ្តី ការបរទេសរុស្ស៊ី ព្រមទាំងរដ្ឋមន្រ្តីការបរទេស អុីរ៉ង់ ដែលជាអ្នកធានានៃវេទិកាស្វែងរក សន្តិភាពទីក្រុង អាស្តាណា (Astana) នោះនឹងបើកកិច្ចជួបពិភាក្សាមួយនៅឯរដ្ឋធានីមូស្គូនៃប្រទេសរុស្ស៊ី នៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១៨។

គួរជម្រាបថា ចាប់តាំងតែពីប្រទេស ទាំងបី បានចាប់ផ្តើមកិច្ចប្រឹងប្រែងដើម្បីស្វែងរកសន្តិភាពឲ្យស៊ីរីនៅឯរដ្ឋធានី Astana នៃប្រទេសកាហ្សាក់ស្ថានមក កិច្ចប្រជុំជា បន្តបន្ទាប់បានលេចចេញជារូបរាងឡើង ហើយក្នុងនាមជាប្រទេសអ្នកធានាទួរគី-រុស្ស៊ី-អុីរ៉ង់ បានប្រកាន់គោលជំហរយ៉ាង រឹងមាំ ក្នុងការធ្វើយ៉ាងណាសម្រេចឲ្យបាននូវអ្វីដែលខ្លួនហៅថា «បទឈប់បាញ់ដ៏យូរ អង្វែង» នៅក្នុងប្រទេសស៊ីរី ព្រមទាំង បូរណភាពដែនដីនៃប្រទេសរងការហែកហួរដោយសង្រ្គាមមួយនេះ៕ ម៉ែវ សាធី


ចែករំលែក៖