ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំអឺរ៉ុបអបអរសាទរនូវជ័យជម្នះរបស់លោក Macron ក្លាយជាប្រធានាធិបតីបារាំង

ចែករំលែក៖

ជ័យជម្នះរបស់លោក Emmanuel Macron បានធ្វើឲ្យមេដឹកនាំអឺរ៉ុបសប្បាយរីករាយយ៉ាងខ្លាំង ដោយលោក Macron ជាអ្នកគាំទ្រអឺរ៉ុប។ ជាមួយគ្នានោះដែរ បេក្ខភាពប្រឆាំងគឺលោកស្រី Marine Le Pen បានជូនពរគូប្រជែងរបស់ខ្លួនដែល ទទួលបានជ័យជម្នះផងដែរក្នុងការបោះ ឆ្នោតជុំទី២ កាលពីថ្ងៃអាទិត្យ ទី៧ ខែ ឧសភា។

ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូលឡង់ បានបញ្ជាក់ពីជ័យជម្នះរបស់ លោក Emmanuel Macron យ៉ាងច្បាស់ថា ពលរដ្ឋបារាំងពឹងផ្អែកទៅលើតម្លៃនៃ សាមគ្គីភាព។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីបារាំងលោក Bernard Cazeneuve បានប្រកាសថា ពលរដ្ឋបារាំងបាន សម្រេចរក្សាបារាំងស្ថិតនៅចំកណ្តាលបេះដូងអឺរ៉ុបបន្តទៀត។

មេដឹកនាំអឺរ៉ុបក៏បានជូនពរ អបអរ សាទរដល់លោក Emmanuel Macron ដែល ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជុំទី២។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ក៏បានជូនពរលោក Emmanuel Macron ផងដែរ ដោយលោកស្រី បញ្ជាក់ថាទីក្រុងប៉ារីស គឺជាសម្ពន្ធមិត្តដ៏ ជិតស្និទ្ធរបស់ទីក្រុងឡុង។ លោកស្រី Theresa May បង្ហាញក្តីសង្ឃឹមថានឹង សហការជាមួយប្រធានាធិបតីបារាំងដោះស្រាយបញ្ហាដែលភាគីទាំង២បានយកចិត្តទុកដាក់។

ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការ បរទេសអាល្លឺម៉ង់ លោក Sigmar Gabriel បានអបអរនូវជ័យជម្នះរបស់លោក Emmanuel Macron ដោយលោកបញ្ជាក់ថា ជ័យជម្នះនោះបានរក្សាបារាំងស្ថិតនៅជាបេះដូងរបស់អឺរ៉ុបដដែល។

មេដឹកនាំកំពូលរបស់អឺរ៉ុប២រូប គឺ ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean Claude Juncker និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk ក៏បានអបអរសាទរ ដល់ជ័យជម្នះរបស់ លោក Macron។

ទៅតាមលទ្ធផលជាបណ្តោះអាសន្ន ដែលប្រកាសដោយក្រសួងមហាផ្ទៃក្នុងការបោះឆ្នោតជុំទី២លោក Macron ទទួល បានការគាំទ្រយ៉ាងច្រើនលើសលប់ ដោយ មានរហូតដល់ទៅ៦៥,៩ភាគរយ។ ចំណែក លោកស្រី Le Pen វិញទទួលបានតែ ៣៤,១ ភាគរយប៉ុណ្ណោះ។

ជាមួយនឹងលទ្ធផលទាំងនោះ គឺមិន ខុសអ្វីទៅនឹងការស្ទង់មតិនាពេលកន្លង មកនោះឡើយដោយលោក ម៉ាក្រុង ក៏នាំ មុខលោកស្រី Le Pen តាំងពីដើមមកទាំងការបោះឆ្នោតជុំទី១។

បើទោះបីមានរឿងអាស្រូវមួយចំនួនលេចចេញនៅពេលជិតបោះឆ្នោតជុំទី២ ក្តី តែពលរដ្ឋបារាំងនៅតែមានទំនុកចិត្តទៅលើលោក Macron ដដែល។ មួយវិញទៀត ពលរដ្ឋបារាំងមិនចង់ឲ្យមានការចាកចេញពីអឺរ៉ុបដូចជាអង់គ្លេសនោះឡើយ ដោយសារតែបារាំងដើរតួនាទីយ៉ាងសំខាន់នៅ ក្នុងអឺរ៉ុបគឺជាបេះដូងរបស់អឺរ៉ុបមិនអាចខ្វះបាន៕ ម៉ែវ សាធី


ចែករំលែក៖