ព័ត៌មានទាន់ហេតុការណ៍៖

មេព្រៃមួយរូបបែកកញ្ចប់មាត់ ដោយរងនូវកណ្តាប់ដៃនគរបាល ខណៈថ្លើមធំហ៊ានដេញចាប់ឡានដឹកឈើលោកស្នងរង ស៊ី្រ លាភ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ មន្ត្រីរដ្ឋបាលខេត្តព្រៃឈើខេត្តត្បូងឃ្មុំមួយរូបរងនូវកណ្តាប់ដៃ មន្ត្រីនគរបាលខេត្តបណ្តាលឲ្យបែកមាត់ កាលពីវេលាម៉ោង១០និង០៥នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈចុះបំពេញការងារ ក៏ពើបប្រទះឃើញឡានដឹកឈើ ហើយសូមគោលការណ៍ពីមេបង្ក្រាបក្នុងបទល្មើសដឹកជញ្ជូនឈើជាបទល្មើសជាក់ស្តែងដេញចាប់ ក៏ចំឡានឈើរបស់លោក ស៊ី្រ លាភ ស្នងការរង នគរបាលខេត្តត្បូងឃ្មុំ ក៏កើតជាហឹង្សា ដោយសារមន្ត្រីនគរបាល ត្រូវជាកូនចៅលោក ស៊ី្រ លាភ ស្នងការរង បានប្រើប្រាស់កាំភ្លើងគម្រាមរកបាញ់តែខាងមេព្រៃមិនព្រមបញ្ឈប់សកម្មភាព ក៏ឈានដល់ការប្រើហឹង្សាវាយមេព្រៃមួយដៃចំកញ្ចប់មាត់បែកឈាមតែម្តង ។

ករណីនេះ ផ្អើលអស់មហាជនធ្វើដំណើរតាមផ្លូវ និងអាជ្ញាធរ សមត្ថកិច្ច ឈានដល់មានការចុះមកជួយអន្តរាគមន៍ដោយកម្លាំងកងរាជអាវុធហត្ថខេត្តប្រមាណជិត១០នាក់ មកបង្ក្រាបបទល្មើសដឹកឈើនេះ តាមការស្នើសុំសហការពីខាងរដ្ឋបាលព្រៃឈើ ដើម្បីអូសស្ទួចឡានដឹកបទល្មើសឈើប្រគល់ឲ្យខាងរដ្ឋបាលព្រៃឈើអនុវត្តតាមនីតិវិធី ។

ករណីស្នងការរងខេត្តត្បូងឃ្មុំ ២ថ្ងៃនេះមានចំនួន២រូបហើយ បានជាប់ពាក់ព័ន្ធនិងបទល្មើស ក្នុងនាមខ្លួនជាមន្ត្រីនគរបាលយុត្តិធម៍បង្ក្រាបបទល្មើស បែជារកសុីបទល្មើស និងម្នាក់ទៀតដោះលែងបទល្មើស ជាមួយនិងការក្តៅស្លឹកត្រចៀកស្តីបន្ទោសយ៉ាងធ្ងន់ៗផងដែរពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំចំពោះទង្វើមិនគប្បីនៃស្នងការរងខាងលើនេះ។

មន្ត្រីនគរបាលបានរាយការណ៍មកថា៖ លោកស្នងការរង ស៊ី្រ លាភ រកសុីដឹកបទល្មើសឈើ និងបញ្ជាឲ្យកូនចៅប្រើហឹង្សាលើមន្ត្រីរដ្ឋបាលព្រៃឈើ។ ដោយឡែកលោកឈឹម គឹមហុង ស្នងការរង ទទួលផែនសណ្តាប់ធ្នាប់វិញ ចាប់ឡានយីឌុបមួយគ្រឿងដឹកដំឡូងមី ហើយបង្កប់ឈើប្រណិតបែជាត្រូវរ៉ូវគ្នាធ្វើការសម្របសម្រួលដោះលែង ប៉ុន្តែលោកឧត្តមសេនីយ៍ទោ បែន រ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាយ៉ាងមុឺងម៉ាត់ឲ្យចាប់ឡាននោះ ឲ្យបាន និងធ្វើតាមនីតិវិធី ដោយលោកបានបញ្ជាក់ថា៖ លោកស្នងការរងសណ្តាប់ធ្នាប់ត្រូវធ្វើរបាយការឲ្យជាក់លាក់

ទី១ -ឡាននេះរត់ចេញពីទីណាទៅទីណា ពីម៉ោងប៉ុន្មាន ក្នងខណៈផែនណាទទួលខុសត្រូវរបស់ខ្លួន។ តើមានមន្រ្តីណាអនុញ្ញាត បើមានឈ្មោះអ្វី ឋានៈអ្វី ឬ រត់ដោយខ្លួនឯង។ ត្រូវមានកំណត់ហេតុសួរបំភ្លឺជាលាយល័ក្ខអក្សរតាមនិតិវិធី។ លោកស្នងការបន្តថា៖តើធ្វើរបៀបម៉េចទើបយកឡាននេះត្រឡប់មកវិញបាន ហើយបន្ទាប់ពីយកមកវិញតើមានអ្វីខ្លះប្រែប្រួល។

ទី២-តើឡាននេះល្មើសអ្វីខ្លះ ហើយបានពិន័យបែបម៉េច?

ទី៣-ឲ្យបង្ហាញរាល់លិខឹតស្នាមពាក់ព័ន្ធអត្តសញ្ញាណយានយន្ត និងអ្នកបើកបរ

ទី៤-សួរបំភ្លឺមូលហេតុដែលមិនពាក់ស្លាកលេខ និងពាក់ស្លាកលេខ បែបអនាធិបតេយ្«យ៦៦៨៨»

ទី៥-មើលមាត្រាច្បាប់ដែលពាក់ព័ន្ធនិងអំពើល្មើសនេះ និងពិចារពាររាល់បញ្ហាផ្សេងទៀតដែលយល់ថាចាំបាច់ ។

លោកផ្កាយ២បន្តថា៖ ពិសេសត្រូវរាយការទៅព្រះរាជអាជ្ញាពីការចាប់ឃាត់រថយន្តនេះជាបណ្តោះអាសន្ន និងធ្វើឲ្យបានឆាប់បំផុត។ ដូចនេះត្រូវប្រាប់ម្ចាស់ឲ្យរៀបចំឯកសារដាក់ឲ្យខ្ញុំពិនិត្យ បើមិនដូច្នេះទេ សប្តាហ៏ក្រោយទើបដោះស្រាយ។

លោកបន្ថែមថា៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ប្រគល់រថយន្តនេះទៅឲ្យកងអន្តរាគមន៏យកទៅគ្រប់គ្រងនៅម៉ៃសាក់។

ចំពោះករណី លោក ស៊ី្រ លាភ ស្នងការរង នគរបាលខេត្តត្បូងឃ្មុំប្រើកូនចៅវ៉ៃមេព្រៃបែកកញ្ចប់មាត់ ដើម្បីការពារខ្លួនដឹកបទល្មើសព្រៃឈើ លោកស្នងការមិនទាន់បញ្ជាក់នៅឡើយនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ។ ប៉ុន្តែលោក ស៊ី្រ លាភ បានប្រាប់អង្គភាព «នគរវត្ត» តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះថា៖ លោកមិនបានដឹង និងមិនបានបញ្ជាឲ្យកូនចៅទៅវ៉ៃអ្នកណាទេ ខណះយប់នោះមានភារកិច្ចរវល់នៅខេត្តកោះកុង ហើយព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក៏ជាមកខេត្តស្ទឹងត្រែងបន្តទៀត។ លោកបន្តថា៖ ខ្ញុំរកតែពេលដេកពួន ញាំអីមិនបានផង ហេតុអីក៏មានពេលទៅវាយគេនោះ…?

ចំពោះករណីខាងលើអង្គភាព«នគរវត្ត» នឹងបន្តតាមដានដើម្បីលម្អិតជូនព័ត៌មានបន្ថែម៕ សុខ ខេមរា


ចែករំលែក៖