ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាដូណា រងការរិះគន់ខ្លាំងរឿងបោះចោលសំរាម និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងកំប្លែង លោក ពៅ ស៊ូរ៉ែន ហៅ ម៉ាដូណា ត្រូវបានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករិះគន់ខ្លាំង បន្ទាប់ពីលេចធ្លាយចេញវីដេអូ នៃការបោះចោលសំរាមក្នុងរម្មណីយដ្ឋានមួយ និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យទៅកាន់អ្នកលួចថតសកម្មភាពលោក និងមិត្តភ័ក្កិនោះ។

កាលពីយប់ថ្ងៃទី២ ខែតុលានេះ ស្រាប់តែលេចចេញវីដេអូខ្លីមួយ ដែលបានបង្ហាញពីភាពខ្វះទំនួលខុសត្រូវរបស់តារាម្នាក់ ដែលត្រូវបានគេស្គាល់ថា ឈ្មោះ ម៉ាដូណា និងមិត្តភក្ដិរបស់ខ្លួន ដែលបាននាំគ្នាទៅកម្សាន្តនៅរមនីយដ្ឋាន ហើយបានចោលនៅសំរាមនៅកន្លែងដែលខ្លួនអង្គុយ និងចូលក្នុងទឹក ដោយហាក់មិនខ្វល់ពីបរិស្ថានអីបន្តិច បែរជាខ្វល់ និងរករឿងអ្នកថតវិញ។

យោងតាមវីដេអូដែលបានបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ភ័ណ សុខរ៉ា បានបង្ហាញថា ម៉ាដូណា និងមិត្តភក្ដិពីរនាក់ទៀត (មិនស្គាល់ឈ្មោះ) បានអង្គុយកម្សាន្ត និងបរិភោគចំណីអាហារនៅរមណីដ្ឋានមួយ ហើយត្រូវយុវជនម្នាក់ប្រទះឃើញ រួចក៏យកទូរស័ព្ទថត តែត្រូវសាមីខ្លួនបានដឹង ក៏សុំទូរស័ព្ទមើល បំណងចង់សុំលុបវីដេអូនោះចោល តែត្រូវម្ចាស់ទូរស័ព្ទបដិសេធន៍ ក៏បង្កឲ្យមានការដណ្ដើមទូរស័ព្ទនោះ ហើយធ្លាក់បែកអេក្រង់ទៀតផង។

តាមរយៈវីដេអូបានឲ្យដឹងទៀតថា សិល្បកររូបនេះបានចាប់អារម្មណ៍ខ្លាំងលើកេរ្តិ៍ឈ្មោះ ខ្លាចគេយករូបភាព ឬវីដេអូរបស់ខ្លួនទៅត្រូល ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះដែលខ្លួនកសាងមកដោយលំបាក តែបែរជាមិនចាប់អារម្មណ៍ថា ខ្លួនបានចោលសំរាមតែពាស់ ដែលជាគំរូអាក្រក់ដល់អ្នកដទៃ។

មានការរិះគន់ជាច្រើនបានលើកឡើងថា ក្នុងនាមខ្លួនជាអ្នកសិល្បៈគួរធ្វើជាគំរូល្អដល់អ្នកដទៃ និងមានចិត្តស្លូតបូតផង ព្រោះជាមនុស្សសាធារណៈដែលមានអ្នកផងចាប់អារម្មណ៍ច្រើន។ ផ្ទុយទៅវិញសិល្បកររូបនេះ បានប្រើពាក្យមិនពិរោះពិសា ដាក់យុវជនដែលបានថតវីដេអូនោះ ថែមទាំងបោះពាក្យឲ្យយុវជននោះទៅប្ដឹងទៀតផង ចំពោះហេតុការណ៍ដែលទូរស័ព្ទត្រូវធ្លាក់បែកដោយការដណ្ដើមគ្នា។

ក្នុងករណីនេះដែរ អ្នកលេងហ្វេសប៊ុកជាច្រើនបានរិះគន់លោក ម៉ា ដូណា ដែលធ្វើទង្វើបែបនេះក្នុងនាមជាសិល្បករ ក្នុងនោះលោក ហេង ឡុង សមាជិកសមាគមសិល្បករខ្មែរ ក៏បានរិះគន់ ម៉ា ដូណា ដែរ។ លោក ហេង ឡុង បានសរសេរសារខ្លីលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃដដែលថា «ម៉ា ដូណា ក្នុងនាមជាសិល្បករមិនគួរមានចរិតអន់បែបនេះទេ»។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង រូបនេះបាននៅឡើយទេព្រោះតែលោកមិនលើកទូរស័ព្ទ។ ទោះជាយ៉ាងណាមានការលើកឡើងពីសិល្បករថាវីដេអូខាងលើកនេះអាចជាការរៀបចំដើម្បីក្រើនរំលឹកដល់ប្រជាពរដ្ឋប៉ុណ្ណោះ ខណៈកន្លងមកលោកធ្លាប់បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងទាក់ទងវីដេអូគ្រោះថ្នាក់ចរាចរណ៍ម្តងរួចមកហើយ។ ប៉ុន្តែប្រសិនបើរឿងនេះជារឿងពិតមហាជនស្នើឲ្យលោកចេញមុខបកស្រាយ និងសុំទោសជាសាធារណៈ៕ វឌ្ឍនា

[fbvideo link=”https://www.facebook.com/saren.vidol/videos/1653809914693321/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/saren.vidol/videos/1653811634693149/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/saren.vidol/videos/1653811638026482/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/saren.vidol/videos/1653811591359820/” width=”600″ height=”400″ onlyvideo=”1″]


ចែករំលែក៖