ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាយ៉ា និង Remy Hou ចេញទៅអាមេរិកជាមួយនឹងទំនុកចិត្តខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ តារាបង្ហាញម៉ូដកូនខ្មែរកាត់បារាំង កញ្ញា Marianne Claisហៅម៉ាយ៉ា និងអ្នកច្នៃម៉ូដកម្ពុជា លោក Remy Hou បានធ្វើដំណើរចាកចេញពីកម្ពុជា ទៅកាន់ទឹកនៃសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ។ ការចាកចេញនេះ ប្រកបដោយភាពជឿជាក់ និងទំនុកចិត្តខ្ពស់ថា នឹងទទួលបានជោគជ័យក្នុងការចូលរួមកម្មវិធីបង្ហាញម៉ូដកម្រិតអន្តរជាតិមួយ នៅពេលដ៏ខ្លីខាងមុខ ។

ថ្លែងបញ្ជាក់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក Remy Hou បានលើកឡើងថា លោក ត្រូវចំណាយពេលមុន មួយសប្តាហ៍ដើម្បីមើលទីតាំងរៀបចំសម្លៀកបំពាក់ និងការហាត់សម ដ៏ជាក់លាក់មួយ ដើម្បីប្រាកដថា នឹងមិនមានឧបសគ្គសម្រាប់ថ្ងៃរៀបចំកម្មវិធីពិព័រណ៍ពិភពលោក នេះមកដល់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នារដ្ឋតិចសាស សហរដ្ឋអាមេរិកនោះឡើយ ។

លោកថា កម្មវិធីបង្ហាញម៉ូដ លំដាប់អន្តរជាតិនេះ នឹងមានអ្នកបង្ហាញម៉ូដ និងអ្នកច្នៃម៉ូដ មកពី៥ប្រទេសចូលរួម មានប្រទេសឥណ្ឌា, ឌូបៃ, ប៉ាគីស្ថាន, សហរដ្ឋអាមេរិក និងកម្ពុជា ។

លោកថា កម្មវិធីនេះ ក៏នឹងគាំទ្រមូលនិធិសប្បុរសធម៌ជួយដល់អ្នកជំងឺមហារីកនិងមូលនិធិនៃអង្គការជួយសង្គ្រោះសត្វដំរីនៅកម្ពុជាផងដែរ ។

លោកថា មានសម្លៀកបំពាក់ចំនួន១១ម៉ូដ សម្រាប់សិល្បករកម្ពុជា និងសិល្បករនៅសហរដ្ឋអាមេរិក ស្លៀកពាក់ដើម្បីបង្ហាញនៅលើឆាកអន្តរជាតិនេះ ហើយអ្វីដែលធ្វើឲ្យលោក ជឿជាក់ថា នឹងទទួលបានការគាំទ្រនោះ គឺការច្នៃប្រឌិតម៉ូដសម្លៀកបំពាក់ដែលលោក ចិញ្ចឹមចិត្ត បង្កើតឡើងអស់រយៈពេល៤ឆ្នាំ កន្លងមក និងចំណាយពេលវេលា៤ ខែដើម្បីរៀបចំរចនាទាំងផលិតផលសូត្រខ្មែរ និងរួមបញ្ចូលដោយគ្រឿងអលង្ការរចនាប័ថ្មបែបខ្មែ ររួមដោយការដើរដោយបទចម្រៀងខ្មែរនេះ ។ លោកថា មានឈុតពិសេសជាងគេមួយ នឹងត្រូវស្លៀកនៅវគ្គចុងបញ្ចប់ ដែលគ្រងដោយកញ្ញា ម៉ាយ៉ា ។

លោកថា មានមោទនភាព និងមិនមានអារម្មណ៍រារែកនឹងចំណាយទាំងថវិកា និងភាពនឿយហត់នោះទេ ព្រោះតែលោក ចង់ក្តាប់ឱកាសបង្ហាញមុខ សិល្បករខ្មែរទម្រង់ច្នៃប្រឌិត នៃសម្លៀកបំពាក់កូនខ្មែ រនៅលើឆាកអន្តរជាតិ ។ តារាបង្ហាញម៉ូដ វ័យ១៥ឆ្នាំ កញ្ញា ម៉ាយ៉ា ថ្លែងថា នាងពិតជារំភើបនឹងឱកាសចេញទៅសហរដ្ឋអាមេរិកលើកនេះ ពិសេសនាងបានគ្រងសម្លៀកបំពាក់ និងការតុបតែងដោយគ្រឿងអលង្ការខ្មែររចនា ដោយកូនខ្មែរពិតៗ នៅលើឆាកអន្តរជាតិ ។

កាន់តែពិសេស នាងបានតំណាងឲ្យនារីកម្ពុជា និងចូលរួមជួយដល់សមាគមអភិរក្សសត្វដំរីនៅកម្ពុជា ។ តារាបង្ហាញម៉ូដ កូនកាត់ខ្មែរបារាំងរូបនេះបញ្ជាក់ថា មុនពេលចាកចេញទៅសហរដ្ឋអាមេរិកនេះ នាងបានត្រៀមខ្លួន និងហ្វឹកហាត់នៃការដើរបង្ហាញម៉ូដបន្ថែមជាមួយអ្នកជំនាញចាប់តាំងពី ខែកុម្ភៈមកម៉្លេះ ។

គួរបញ្ជាក់ដែរថា លោក Remy Hou គឺជាអ្នកច្នៃម៉ូដល្បីឈ្មោះម្នាក់ ដែលលោក ចាប់ផ្តើមការងារច្នៃម៉ូដផ្នែកសម្លៀកបំពាក់ចាប់តាំងពី ឆ្នាំ២០០៨ និងម៉ូដស្បែកជើងចាប់តាំងពីឆ្នាំ២០១០ ។

លោកក៏ធ្លាប់បានស្រាវជ្រាវ និងសិក្សាឈ្វេងយល់អំពីការរចនាស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជាអស់ជាយូរផងដែរ ។ ខណៈដែលតារាម៉ូដែលកូនកាត់ខ្មែរបារាំង Marianne Clais ហៅ ម៉ាយ៉ា ធ្លាប់បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីនាងបានបង្ហាញមុខក្នុងឈុតសម្លៀកបំពាក់បុរាណរហូតដល់ថ្នាក់គេហទំព័រកម្មវិធីប្រកួតសម្រស់កញ្ញា ឯកល្បីមួយសរសើរ និងស្នើឲ្យនាងចូលរួមប្រកួតប្រជែងផ្នែកសម្រស់ផងដែរ ។ ក្រៅពីម៉ាយ៉ាតារាម៉ូដែលខ្មែរ២រូបគឺកញ្ញា ប្រិមប្រិយសុវឌ្ឍានា (PrempreySovothana) និងអ្នកនាងRany Pettis ដែលកំពុងរស់នៅសហរដ្ឋអាមេរិកក៏នឹងបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដកម្រិតអន្តរជាតិនាសហរដ្ឋអាមេរិកនេះផងដែរ ៕ វឌ្ឍនា


ចែករំលែក៖