ព័ត៌មានទាន់ហេតុការណ៍៖

ម៉ិច ម៉ារីកា រំពឹងកាន់តែខ្ពស់ដើមឆ្នាំក្រោយ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង កញ្ញា ម៉ិច ម៉ារីកា បានស្ងប់ស្ងាត់ការងារសិល្បៈមួយរយៈពេលខ្លីក្រោយស្ថានភាពសុខភាពមិនអំណោយផល ។ ក្រោយបង្ហាញមុខក្នុងពិធីសម្ពោធភាពយន្តរឿង បិសាចគំនូរ តារាស្រីរូបនេះបញ្ជាក់ថា ការងារសិល្បៈនាងនៅតែមាន ហើយដើមឆ្នាំក្រោយ នឹងកាន់តែច្រើនទ្វេដង ។

ម៉ិច ម៉ារីកាលេចធ្លោខ្លាំងក្នុងភាពយន្តរឿង ព្រះជិនវង្ស នាង ពៅ និងជាតួស្រី ក្នុងបទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍»។ មួយរយៈចុងក្រោយនេះ ការងារសិល្បៈរបស់នាងមិនមមាញឹកខ្លាំងទេ ។ តារាស្រី មកពីខេត្តតាកែវ រូបនេះ លើកឡើងថា នាងត្រូវឡើងចុះមើលការងារសម្អាងការនៅខេត្ត និងកំពុងថតភាពយន្តភាគ ពីររឿងព្រមគ្នា ដែលមិនទាន់បញ្ចប់នៅឡើយ។

នាងថា នាងមិនចង់ទទួលរឿងច្រើនព្រមគ្នា ដែលមិនងាយនឹងបែងចែកពេលវេលា ខណៈដែលត្រូវថែទាំសុខភាពដែលមានបញ្ហាកន្លងមក។

តារាស្រីរូបនេះ បញ្ជាក់ថា ទើបនឹងទទួលដំណឹងទទួលយករឿងថ្មីពីផលិតកម្មមួយ ប៉ុន្តែកំពុងជជែកគ្នានៅឡើយ។ ដើមឆ្នាំក្រោយនេះ នាងនឹងបញ្ចប់ការងារចាស់ៗ ហើយនឹងស្វាមគមន៍ការងារសិល្បៈថ្មីៗវិញម្តង ដែលនាងរំពឹងថា អាចនឹងមានពន្លឺច្រើនបើធៀបនឹងឆ្នាំ២០១៨នេះ៕ វឌ្ឍនា


ចែករំលែក៖