ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូធុនធំម៉ាក់ Duke បុកគ្នាជាមួយម៉ូតូស្មាសវី បណ្ដាលឲ្យអ្នកបើកបររបួសធ្ងន់

ចែករំលែក៖

ភ្នំពេញៈ ​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូម៉ាក Duke និងស្មាសវី បានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យកាលម៉ែត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីនាយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូទាំងពីរគ្រឿងបើកបុកគ្នានោះទី១ម៉ាកDuke ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-2222 បើកបរដោយបុរសម្នាក់និងម៉ូតូមួយគ្រឿងទៀតម៉ាកZuzuki Smash V ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1AV-6887 អ្នកទាំង២មិនស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ ។
​​
ប្រភពដដែរ បានបន្តទៀតថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូធុនធំ ម៉ាកDuke ពណ៌ខ្មៅ ដោយធ្វើដំណើរចេញពីសណ្ឋាគារឡឺរ៉ូយាល់ ក្នុងទិសដៅពីជើងទៅត្បូង បើកបរ​ក្នុងល្បឿន​លឿន លុះដល់ចំនុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកស្មាសវី ដែលកំពុងធ្វើដំណើរពីរត្បូងទៅជើង យ៉ាងពេញទំហឹង​ បណ្តាលឲ្យអ្នកបើកម៉ូតូទាំងពីរ ដួលបោកក្បាលនៅនិងថ្នល់រងរបួសធ្ងន់រហូតដល់សន្លប់ស្ដូកស្តឹងតែម្តង ។ ភ្លាមនោះជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែតផងដែរ ។

ក្រោយកើតហេតុ នគរបាលជំនាញចរាចរណ៍ផ្លូវគោក បានចុះទៅធ្វើការវាស់វែង និងយកម៉ូតូទាំងពីរគ្រឿងនេះ ទៅរក្សាទុករងចាំភាគីទាំងសងខាងចូលមកដោះស្រាយគ្នាតាមនីតិវិធី ៕ ស តារា


ចែករំលែក៖