ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូល្បឿនលឿនឌុបគ្នា៤នាក់ជ្រុលបុករថយន្ត ស្លាប់ម្នាក់ របួស៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែក៣នាក់ទៀតបានរងរបួសធ្ងន់ ស្រាល ត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពួកគេបានចេញពីផឹកស៊ីផ្ទះមិត្តភក្តិហើយជិះម៉ូតូក្នុងល្បឿនលឿនពេកចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនឹងរថយន្ត១គ្រឿងដែលចូលផ្លូវលំ ។

ហេតុការណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយប្រេងឥន្ធនះតេលា ស្ថិតក្នុងភូមិអូរបែកក្អម ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទី១មានឈ្មោះ ថេន ថាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន គង់ នួន ម្ដុំផ្សារដេរប៉ូ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (ស្លាប់នៅនឹងកន្លែង)ជាអ្នកបើកបរ ទី២ មានឈ្មោះ កេម គូយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរដូចគ្នា ជាអ្នកជិះកណ្ដាលរងរបួសធ្ងន់ ទី៣ មានឈ្មោះ សែម សុភក្ដ្រ អាយុ២៦ឆ្នាំ ជាអ្នកជិះកណ្ដាល រងរបួសធ្ងន់ ទី៤ មានឈ្មោះ ដឿន សំរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកជិះក្រោយគេរងរបួសស្រាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះគ្នាមានគ្នា៤នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ សេរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE- 9934 តាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើត ហេតុស្រាប់តែមានរថយន្តកូរេ ២តោនកន្លះមួយគ្រឿង មិនចាំពណ៌ និងស្លាកលេខ បើកចុះមកពីស្តុបណូគាអូបែកក្អម ក្នុងទិសដៅពីកើតទៅលិច ហើយរថយន្តបានបត់ឆ្វេងចូលតាមផ្លូវលំក្បែរស្ថានីយប្រេងឥន្ធនះ តេលា ទើបធ្វើឲ្យអ្នកបើកបរម៉ូតូចាប់ហ្វ្រាំងមិនទាន់បានជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តបណ្ដាលឲ្យអ្នបើកម៉ូតូបានហោះទៅបោកនិងទ្រុង រថយន្ត បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងចំណែកឯអ្នកបីនាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយឡែកម៉ូតូរងការខូចខាតយ៉ាងដំណំ រំពេចនោះរថយន្តបានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល ភ្លាមៗនោះអ្នកដែលឃើញហេតុការណ៍ផ្ទាល់ បានទាក់ទងទៅកាន់ រថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនហុង ហាក់មកដឹកជនរងគ្រោះពីរនាក់យកទៅសង្គ្រោះបន្ទាន់ តែដោយសារតែម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ។

តាមការរៀបរាប់ពីមិត្តភក្តិរួមដំណើរជាមួយ ដែលរបួសស្រាល បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេទាំង បួននាក់ទើបតែមកពីលេងផ្ទះមិត្តភត្តិ ហើយបានផឹកស៊ីបន្តិចបន្តួច ក្រោយមក ក៏នាំគ្នាជិះម៉ូតូត្រឡប់មកកន្លែង ធ្វើការវិញនៅម្ដុំផ្សារដេប៉ូ លុះមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្តខាងលើនោះបត់លឿនពេកទើប ធ្វើឲ្យអ្នកបើកបរចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពាក់កណ្ដាលរថយន្តកូរ៉េនោះបណ្ដាលឲ្យមិត្តភក្ដិរបស់គេដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ និងពីរនាក់ផ្សេងទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាលបាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខបានចុះមកដល់ចំណុចកើតហេតុ ហើយបានវាស់វែង និងធ្វើឯកសារប្រគល់សពទៅខាងសាច់ញាតិដែលត្រូវជាបងប្រុសដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ខេត្តកំពង់ឆ្នាំង ៕ តុង សីហា

tge tge (2) tge (3) tge (4) tge (1)


ចែករំលែក៖