ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្ដោងរ៉ឺម៉ក ជ្រុលបុកម៉ូតូមួយគ្រឿង រួចបន្តប៉ះគ្នារថយន្តរបស់ក្រុមហ៊ុនDHL ខូចខាតទាំង៣គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ដោយសារការបើកបរមិនចេះអធ្យាស្រ័យគ្នាទៅវិញទៅមក រហូតបង្កការស្ទះចរាចរពេញផ្លូវ ហើយម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ព្យាយាមបើករុលទៅមុខបណ្ដាលឲ្យបុកគ្នាជាមួយម៉ូតូអ្នកដំណើរមួយគ្រឿង និងកាងដែករ៉ឺម៉កបង្ក បន្តទៅបុករថយន្តមួយគ្រឿងទៀតរបស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ DHL ធ្វើឲ្យខូចខាតបន្តិចបន្តិច ហើយភាគីខាងបង្កព្រមសងថ្លៃជួសជុលទៅខាងរថយន្តរងគ្រោះចំនួន៣០ដុល្លារ រីឯខាងម៉ូតូរងគ្រោះមួយគ្រឿងទៀតសងថ្លៃខូចខាតចំនួន១០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចក្បែរស្ថានីយ៍ប្រេងឥន្ធន:កាល់តិច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម៉ូតូសណ្ដោងរ៉ឺម៉កដែលបង្កហេតុនោះ ពណ៌ខៀវ គ្មានស្លាកលេខ ។ ចំណែករថយន្តរងគ្រោះរបស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ DHL ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AM-4550 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ DHL បានបើកបរតាមផ្លូវជាតិលេខ៥ ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងនិងម៉ូតូសណ្ដោងរ៉ឺម៉កបង្កហេតុមួយគ្រឿង បើកបរពីជើងទៅត្បូង ស្របទិសគ្នាក៏ជ្រុលប៉ះម៉ូតូរួចក៏បន្តមកប៉ះរថយន្តរបស់ក្រុមហ៊ុនDHLនោះ បណ្តាលឲ្យកំពិតទ្វារមុខផ្នែកខាងស្តាំបង្កឲ្យកកស្ទះចរាចរណ៍តែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តអែបខាងផ្លូវ ដើម្បីបញ្ចៀសការកក់ស្ទះចរាចរ រួចភាគីឲ្យភាគីទាំងសងខាងសម្រួលគ្នាបញ្ចប់រឿងដោយភាគីខាងម៉ូតូសណ្ដោងរ៉ឺម៉ក ជួយចេញថ្លៃជួសជុលទៅរថយន្តចំនួន៣០ដុល្លារ និងខាងម៉ូតូរងគ្រោះចំនួន១០ដុល្លារ បញ្ចប់រឿងតែម្តង៕អារុណរះ


ចែករំលែក៖