ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសិស្សសាលាបើកលឿនបុកស្រី្តម្នាក់ដើរឆ្លងថ្នល់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកែបៈ នារីម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីដើរឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវម៉ូតូបុកពីក្រោយពេញទំហឹង កាលពីម៉ោង៧និង៣០នាទីយប់ថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចខាងលិចផ្លូវមណ្ឌលសុខភាពអូរក្រសារ លើផ្លូវជាតិលេខ៣៣ ភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

សមត្ថកិច្ចនគរបាលចរាចរក្រុងកែប បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ សង់កូរ៉េ C១០០ ពណ៌ក្រហមមួយគ្រឿង គ្មានស្លាកលេខ បើកបរដោយឈ្មោះ សឿន វី ភេទប្រុស អាយុ១៧ឆ្នាំ សិស្ស រស់នៅភូមិកោះមាក់ប្រាង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត (របួសស្រាល) និងអ្នករួមដំណើរ២នាក់ ១ឈ្មោះ សឿន វិន ភេទប្រុស អាយុ១៧ឆ្នាំ សិស្ស រស់នៅភូមិឃុំជាមួយគ្នា(របួសស្រាល) ២ឈ្មោះ ខេង ដា ភេទប្រុស អាយុ១៦ឆ្នាំ សិស្ស រស់នៅភូមិឃំជាមួយគ្នា (របួសស្រាល) បើកបរយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ មានស្រ្តីម្នាក់ឈ្មោះ ទឹម ស៊ីណា អាយុ៣៨ឆ្នាំ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប មុខរបរកសិករ ខណៈកំពុងដើរឆ្លងផ្លូវ ម៉ូតូនេះជិះបុកទាំងកំរោល បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខេត្តកែប ដឹកទៅមន្ទីរពេទ្យកំពត សង្រ្គោះជាបន្ទាន់ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែង រួចយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប ដើម្បីចាត់ការទៅតាមនីតិវិធី ៕ សហការី


ចែករំលែក៖