ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូស៊ុយហ្ស៊ូគីវីវ៉ា បុកម៉ូតូហុងដាវ៉េវ ពេញមួយទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀត របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូស៊ុយហ្ស៊ូគីវីវ៉ាមួយគ្រឿង បើកបរក្នុងល្បឿនលឿនបានជ្រុលមកបុកម៉ូតូហុងដាវ៉េវមួយគ្រឿងទៀត ពេញមួយទំហឹង បណ្ដាលឲ្យអ្នករួមដំណើរលើម៉ូតូស៊ុយហ្ស៊ូគីម្នាក់ស្លាប់ នៅកន្លែងកើតហេតុ រីឯ៣នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេម៉ោង២២និង១៥នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិលើ ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ម៉ូតូបង្កម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ មឿន យ៉ារ៉ែន (ហៅអ៊ួក) ភេទប្រុស អាយុ៣០ឆ្នាំ (រងរបួសធ្ងន់) រួមដំណើរជាមួយម្នាក់ឈ្មោះ ហូយ ហាក់ ភេទប្រុស អាយុ៥៦ឆ្នាំ (ស្លាប់បាត់បង់ជីវិត) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិឈើទាលឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CK-3626 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (របួសធ្ងន់សន្លប់បាត់ស្មារតី) ដោយមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ សុក ចាន់ធី ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិកោះចូរាមឃុំកោះចូរាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសធ្ងន់) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូបង្កម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង ដោយមានមនុស្សម្នាក់រួមដំណើរពីក្រោយ លុះមកដល់ចំណុចកើតហេតុ ម៉ូតូបង្កខាងលើ ក៏បានជ្រុលចង្កូតមកបុកម៉ូតូហុងដាវ៉េវ ចំពីមុខពេញមួយទំហឹង ដែលធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ហូយ ហាក់ ជាអ្នករួមដំណើរលើម៉ូតូស៊ុយហ្ស៊ូគីវីវ៉ាស្លាប់នៅកន្លែងកើតហេតុ រីឯជនរងគ្រោះ៣នាក់ជាអ្នកបើកបរម៉ូតូទាំងសង្ខាងទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង៣នាក់ដែលទទួលរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបាននគរបាលចរាចរណ៍ស្រុក ចុះមកអន្ដរាគមន៍ ធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖