ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូអុិចស្ទ័រលឿនស្លេវពន្លះម៉ូតូគុបជ្រុងស្លាប់១ របួស១

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ព្រោះតែមិនគិតពីអាយុជីវិតថ្លៃ បណ្តាលឲ្យខ្លួនឯងស្លាប់ទាំងក្មេងខ្ចី បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុកជាមួយម៉ូតូភាគីម្ខាងទៀតដែលកំពុងធ្វើដំណើរបញ្ច្រាសទិគ្នា ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១២នាទីព្រឹក ថ្ងៃសៅរ៍ ៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចទំនប់ខ្វិត ស្ថិតក្នុងភូមិចម្ការបុស្ស ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូបង្កម៉ាកអ៊ិចស្ទ័រ ពណ៌ខ្មៅលាយសក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហេង ចំណាន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រាចជ្រុំ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ស្លាប់) ។ ចំណែកភាគីរងគ្រោះ ជិះម៉ូតូម៉ាកគុបជ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ទ.១៧៤៧ ភព១ បើកបរដោយឈ្មោះ ស បាន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (របួសធ្ងន់) ។

ប្រភពបន្តថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកអ៊ិចស្ទ័រ ពណ៌ខ្មៅលាយសក្រហម១គ្រឿង បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចខាងលើ បានជ្រុលទៅបុកជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាគុប សេ៥០ (គុបជ្រុង) ពណ៌ខៀវ ពាក់ស្លាកលេខ ទ.១៧៤៧ ភព១ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូអ៊ិចស្ទ័រស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបរម៉ូតូគុបរបួសធ្ងន់ ។

ប្រភពបន្តថា គ្រោះថ្នាក់នេះបណ្តាលមកពីភាគីម៉ូតូអុិចស្ទ័របើកបរក្នុងស្ថានភាពគ្រោះថ្នាក់ហើយមានល្បឿនលឿន ទើបមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតស្លាប់ និងរបួសបែបនេះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបំពេញឯកសាររួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកភាគីអ្នកបើកម៉ូតូគុបជ្រុងរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។

ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖