ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ១គ្រឿងដឹកព្រះសង្ឃ១អង្គជ្រុលបុករថយន្តចតស្ងៀមនៅផ្លូវសម្តេចសង្ឃទេពវង្ស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ​ស្នងការដ្ឋាន នគរបាល​ខេត្តព្រះសីហនុ​ បាន​ឲ្យអ្នកយកព័ត៌មាននគរវត្តដឹង​ថា៖ នៅ​វេលា​ម៉ោង​២១,១០នាទី ថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ​២០១៧​ នៅផ្លូវសម្តេចសង្ឃទេពវង្ស ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ មានគ្រោះថ្នាក់ចរាចរណ៍​មួយកើតឡើងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់​ស្លាក​លេខព្រះសីហនុ1G 6728 បើកបរក្នុងទិស ដៅពីស្ទឹងហាវឆ្ពោះទៅវាលរេញ​ ដោយឈ្មោះ ម៉ម វុធ ហៅពុធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពបន្តប្រាប់នគរវត្តទៀតថា លុះម៉ូតូបើកបរមកដល់ចំណុចខាងលើ បានបុករថយន្ត១គ្រឿង ម៉ាកកាម៉ាស សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ក4895 ភព3 កំពុងចតស្ងៀម​ នៅលើផ្លូវ​ ក្រោយ​ពេល​កើត​ហេតុ​អ្នកបើក​រថយន្ត​ គេចខ្លួនបាត់ ។

គ្រោះថ្នាក់ខាងលើបណ្តាលឲ្យ​រង​របួស​មនុស្ស​ចំនួន​២​នាក់​ ៖ ១.ឈ្មោះ ម៉ម វុធ ហៅពុធអ្នកបើកម៉ូតូរងរបួសធ្ងន់។ ២.ឈ្មោះ ហង្ស សុផាត ភេទប្រុស អាយុ១៦ឆ្នាំ ជាព្រះសង្ឃគង់នៅវត្តថ្មដាក្រោម រួមដំណើរជាមួយម៉ូតូរងរបួសធ្ងន់។

ជនរងគ្រោះបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យលិគឹមធី​ វាលរេញ​ ។ រីឯមធ្យោបាយ​ទាំង២ រក្សាទុកនៅអធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖