ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាស្លាប់ និងរបួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស៣នាក់ស្លាប់ និងរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ ចរាចរណ៍គួរឲ្យរន្ធត់ រវាងម៉ូតូ២គ្រឿង បុកបញ្រ្ចាសទិសគ្នា ពេញទំហឹងលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង១១និង៤៥នាទី យប់ នៅលើផ្លូវជាតិលេខ០១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៦៥-១៦៦ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថ ក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលស្លាប់មានឈ្មោះភោគ សម្បត្តិ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែកភាគីម្ខាងទៀតដែលរងរបួសមានឈ្មោះឈៀក សុភ័ក្រ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងចិន មានទីលំនៅភូមិអូតាប្រាង សង្កាត់អូតាប្រាង ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងអ្នករួមដំណើម្នាក់ ឈ្មោះ ផាន់ អេម អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងចិន មានទីលំនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំណែកម៉ូតូម៉ាកហុងដាស្គូពី ពណ៌ក្រហម អត់ពាក់ស្លាកលេខ ខូចខាតយ៉ាងដំណំ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ស៊េរី ២០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខដោយ ធ្វើដំណើរពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែទៅបុកនឹងម៉ូតូម៉ាកហុងដាស្គូបពី ពណ៌ក្រហមជិះគ្នា២នាក់ ក្នុងទិសដៅបញ្ច្រសគ្នាពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាល និងថ្នល់រដូករណែលបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកអ្នករងរបួសត្រូវបានយកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ។ រីឯវត្ថុតាងម៉ូតូ២គ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងបាវិតដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖