ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់លំនៅឋានជាច្រើនចាប់អារម្មណ៍សេវាកម្មផ្គូផ្គងជាងសំណង់ពី អេសស៊ីជី

ចែករំលែក៖

ខេត្តសៀមរាប៖ ម្ចាស់លំនៅឋាន ម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងជាងសំណង់កាន់តែច្រើនឡើង ក្នុងប្រទេសកម្ពុជា កំពុងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មផ្គរផ្គងជាងសំណង់ដោយឥតគិតថ្លៃពីក្រុមហ៊ុន អេសស៊ីជី (SCG) ដែលសេវាកម្មនេះមានបំណងលើកកម្ពស់លទ្ធភាពឲ្យកាន់តែទូលំទូលាយក្នុងការស្វែងរកជាងសំណង់ និងសម្ភារសំណង់ដែលមានគុណភាព ក៏ដូចជាជួយបង្កើនប្រាក់ចំណូលដល់ជាងសំណង់កម្ពុជាផងដែរ។

ម្ចាស់លំនៅឋាន ដែលមានបំណងចង់សាងសង់គម្រោងលំនៅឋាន ឬអគារផ្សេងៗ អាចចុះឈ្មោះនៅលើកម្មវិធីអនឡាញរបស់ក្រុមហ៊ុនអេសស៊ីជី ហើយក្រុមហ៊ុននឹងស្វែងរកជាងសំណង់ដែលមានគុណវុឌ្ឍត្រឹមត្រូវ ដែលអាចបំពេញតាមលក្ខខណ្ឌរបស់ម្ចាស់គម្រោងសាងសង់។

សេវាកម្មផ្គូរផ្គងជាងសំណង់នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងកាលពីដើមឆ្នាំនេះដោយក្រុមហ៊ុន អេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន ក្នុងគោលបំណងផ្ដល់ការបណ្ដុះបណ្ដាលផ្នែកសំណង់ និងជួយលើកកម្ពស់វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ទាំងគុណភាព និងភាពងាយស្រួល ។

លោក សយ សុខហេង ដែលកំពុងសាងសង់លំនៅឋានរបស់ខ្លួនក្នុងខេត្តសៀមរាប បានថ្លែងថា៖ “ខ្ញុំគិតថា វាងាយស្រួល ដោយយើងមិនចាំបាច់ទៅស្វែងរកជាងនៅទីណា។ និយាយទៅ គឺងាយបំផុត។ ពេលដែលយើងទាក់ទងទៅ គេមកជួបជាមួយយើង ហើយយើងប្រាប់ពីគម្រោងឲ្យគេដឹង ហើយគេផ្ដល់តម្លៃឲ្យយើង តើយើងអាចទទួលបានដែរឬអត់”។

អ្នកម៉ៅការសំណង់ដែលបានទទួលគម្រោងសាងសង់ពីលោក សុខហេង គឺលោក ហុង រ៉ាយុទ្ធ។ លោកបានថ្លែងកោតសរសើរដល់ក្រុមហ៊ុន ដែលបានជួយដល់រូបលោកក្នុងការស្វែងរកអតិថិជន ដែលនេះមានន័យថា រូបលោក និងជាងក្នុងក្រុមនឹងទទួលបានចំណូលកាន់តែច្រើនថែមទៀត។

លោក រ៉ាយុទ្ធបាននិយាយថា៖ “ខ្ញុំយល់ថា កម្មវិធីនេះជួយពួកខ្ញុំច្រើនមែនទែន ហើយក៏ដូចជាជួយក្រុមការងារពួកខ្ញុំឲ្យមានការងារជាប្រចាំ។ ដូច្នេះ នៅពេលដែលខ្ញុំមានសេវាកម្មពីខាងអេសស៊ីជីមក គឺខ្ញុំមានការងារជាប់ ដូច្នេះ ខ្ញុំយល់ឃើញថា វាល្អ”។

អេសស៊ីជីបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់កម្ពុជាកាលពីខែកុម្ភៈ ឆ្នាំនេះ ដោយសហការជាមួយនឹងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ (CTSDI)ដើម្បីអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ផលិតផល និងសម្ភារសំណង់ថ្មីៗ ឲ្យបានត្រឹមត្រូវ។ កម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់អេសស៊ីជីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍយូរអង្វែងរបស់ប្រទេសកម្ពុជា តាមយៈកម្មវិធីបណ្ដុះបណ្ដាល ការអប់រំ និងការលើកកម្ពស់បទឋានសំណង់ ក៏ដូចជាលើកកម្ពស់គុណភាពជីវិតរបស់កម្មករសំណង់ថែមទៀតផង។

លោក ពង់ថាណា ដេវីតាយ៉ាផន (PongdhanaDejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី បានមានប្រសាសន៍ថា៖ “ម្ចាស់ផ្ទះគាត់បានទាក់ទងមកកាន់ក្រុមហ៊ុនអេសស៊ីជី តាមរយៈហ្វេសប៊ុក ដើម្បីស្វែងរកផលិតផល និងអ្នកម៉ៅការសម្រាប់សាងសង់ផ្ទះរបស់ពួកគាត់។ ដូច្នេះហើយ អេសស៊ីជីសង្ឃឹមថា នឹងមានអតិថិជនបន្តបន្ទាប់ជាច្រើនទៀតប្រើប្រាស់សេវាកម្មនេះ”៕ វឌ្ឍនា


ចែករំលែក៖