ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយប្តឹងឲ្យសមត្ថកិច្ចជួយឃាត់ខ្លួនកូនយកទៅបន្សាបគ្រឿងញៀន,សមត្ថកិច្ចរកឃើញអ្នកពាក់ព័ន្ធច្រើននាក់ទៀត ដូចសម្លកំពិស

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋឈ្មោះឆាយ មួយគា ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ បានសំណូមពរដល់សមត្ថកិច្ចឲ្យជួយឃាត់ខ្លួនកូនប្រុសរបស់គាត់ឈ្មោះប៊ី ម៉េងលាង អាយុ២១ឆ្នាំ យកទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ដោយកូនប្រុសរបស់គាត់ប្រើប្រាស់គ្រឿងញៀននិយាយមិនស្តាប់ និងសេពគប់មិត្តភក្តិមិនល្អ។

ក្រោយពីទទួលសំណូមរបស់ប្រជាពលរដ្ឋកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ តាមរកឃាត់ខ្លួនកូនប្រុសរបស់គាត់ តែរកមិនឃើញ។

លោកឧត្តសេនីយ៍ស្នងការ បានឲ្យដឹងទៀតថា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧វេលាម៉ោង១៧និង៣០ ទើបកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនកូនប្រុសរបស់គាត់ឈ្មោះ ប៊ី ម៉េងលាង យកមកអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីបំពេញឯកសារបញ្ជូនទៅ មណ្ឌលកែប្រែបន្សាបសារធាតុញៀន តាមសំណូមពររបស់គាត់។

ការធ្វើតេស្តរកសារធាតុញៀនលទ្ធផល(វិជ្ចមាន)ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតៈ ទូរស័ព្ទម៉ាកណូគាចុចពិល១គ្រឿង។

លោកក៏បានប្រាប់ឲ្យដឹងដែរថា ក្រោយពីឃាត់ខ្លួនឈ្មោះ ប៊ី ម៉េងលាង នៅវេលាម៉ោង២០និង១៥នាទី ក៏មានមុខសញ្ញាទូរស័ព្ទមកលេខរបស់ប៊ី ម៉េងលាង រកទិញថ្នាំយកទៅជក់ហើយកម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន៦នាក់ ឈ្មោះ ហាក់ ហុង ភេទប្រុសអាយុ១៥ឆ្នាំ, ឈ្មោះ ប៊ិច សុខ លី ភេទប្រុសអាយុ១៥ឆ្នាំ អ្នកទាំងពីរនៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់, ឈ្មោះ ហាង ចាន់ ភេទប្រុសអាយុ៣៤ឆ្នាំ, ឈ្មោះ រ៉ា វាសនា ភេទប្រុសអាយុ២៣ឆ្នាំ, ឈ្មោះ ហ៊ាង សីហា ភេទប្រុសអាយុ២៦ឆ្នាំ និងឈ្មោះ គង់ វិជ្ជា ភេទប្រុសអាយុ២៨ឆ្នាំ អ្នកទាំង៤នាក់ នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។

នៅថ្ងៃដដែលក៏បានទទួលពត៌មានពីកម្លាំងភ្នាក់ងារថា មានមុខសញ្ញាចែកចាយ ជួញដូរគ្រឿងញៀន ឈ្មោះផល្លា តុង ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិថ្មី ឃុំដងក្តារ ស្រុកស្ទឹងត្រង់។

ក្រោយពីទទួលពត៌មាននៅវេលាម៉ោង១៥និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្តារ បានប្រើវិធានញុះញង់បង្ក្រាបមុខសញ្ញា ចែកចាយជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ពេលកំណត់ប្រគល់ទទួលថ្នាំឈ្មោះ ផល្លា តុង មិនបានមកទេ គឺឲ្យឈ្មោះ អន អ៊ុន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំដងក្តារ ស្រុកស្ទឹងត្រង់ និងឈ្មោះ យីម លីហេង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរពី ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ជាអ្នកយកថ្នាំមកប្រគល់ឲ្យកម្លាំងភ្នាក់ងារហើយកម្លាំងយើងបានធ្វើការឃាត់ខ្លួនឈ្មោះ អន អ៊ុន និងដកហូតសំភារៈវត្ថុតាងរួមមានៈ ថ្នាំញៀនម្សៅក្រាមពណ៌ ស ចំនួន៥កញ្ចប់តូច(ឆែកឆេរលើខ្លួន) និងទូរស័ព្ទ១គ្រឿងម៉ាក់ណូគា ។ ចំណែកឈ្មោះ យីម លីហេង និង ឈ្មោះ ផល្លា តុង បានរត់គេចខ្លួនបាត់។

ក្រោយពេលឃាត់ខ្លួន ក៏មានមុខសញ្ញាសង្ស័យបានទូរស័ព្ទមករកទិញថ្នាំយកទៅជក់ហើយកម្លាំងសមត្ថកិច្ចបន្តឃាត់ខ្លួនបានចំនួន៣នាក់មាន ឈ្មោះ ហុន ហ៊ាន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចំការលើ, ឈ្មោះ ដូត នាន់ ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិអង្កោល ឃុំសូភាស ស្រុកស្ទឹងត្រង់ និងឈ្មោះជុំ ជីន ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។

បច្ចុប្បន្នអ្នកពាក់ពន្ធ័ នឹងសារធាតុញៀនទាំងអស់ ត្រូវបានបញ្ជូនមកស្នងការដ្ឋានដើម្បីបន្តនីតិវិធី៕ វណ្ណៈ


ចែករំលែក៖