ព័ត៌មានទាន់ហេតុការណ៍៖

ម្តុំហ្នឹងអាណាខ្លាំង? ជនរងគ្រោះឆ្លើយថា អត់មានអ្នកខ្លាំងទេពូ! អ្នកប្រមឹកខឹងចាក់សាំងស្រោចខ្លួនកេះដែកកេះដុតរួចគេចបាត់

ចែករំលែក៖

ខេត្តកណ្តាល ៖ ជារឿងមួយស្មានមិនដល់ដែលអ្នកប្រមឹកម្នាក់ពេលផឹកស្រវឹង ដើរតាមផ្លូវក្នុងភូមិរួចស្រែកខ្លាំងៗសួរគេ ឯងថា « ម្តុំហ្នឹងអាណាខ្លាំង ? » គាប់ជួន ពេលនោះបុរសម្នាក់រមាស់មាត់ខ្លាំងពេកក៏ឆ្លើយថា «គ្មានអ្នកណាខ្លាំងទេពូអើយ ! » ឆ្លើយស្ទើរមិនទាន់ផុតពីមាត់បុរសប្រមឹកដែលមានដបសាំងមួយកូនដបក្នុងដៃស្ទុះ ទៅចាក់ស្រោចលើខ្នងបុរសរងគ្រោះរួចកេះដែកកេះដុតរលាកមួយចំហៀងខ្នង ទើបគេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង៩យប់ថ្ងៃពុធ ១៤រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ នឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិ រទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល ។

មន្រ្តីនគរបាលស្រុកកៀនស្វាយបាន ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សៀង ឈឿន ភេទប្រុស អាយុ៥៨ឆ្នាំ (កំពុងរត់ គេចខ្លួន) បានយកសាំងមកចាក់ដុតទៅលើបុរសម្នាក់ឈ្មោះ ទុំ តុល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកើត ហេតុខាងលើបណ្តាលឲ្យរបួសធ្ងន់ហើយត្រូវក្រុមគ្រួសារដឹកទៅសង្រេ្គាះនៅមន្ទីរ ពេទ្យបង្អែកស្រុកកៀនស្វាយភ្លាមៗ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងហើយដើរតាមផ្លូវស្រែកឡូឡាសួរគេឯងថា «ម្តុំហ្នឹង អាណាខ្លាំង?» ពេលនោះជនរងគ្រោះ ក៏តបថា «គ្មានអ្នកណាខ្លាំងទេពូអើយ!» ។ ភ្លាមនោះស្រាប់តែបុរសប្រមឹកខឹងបានស្ទុះយកសាំងដែលកាន់ក្នុងដៃមកចាក់ស្រោចលើខ្នងជនរងគ្រោះហើយកេះដែកកេះដុតទាំងកំរោលធ្វើឲ្យឆេះរលួយស្បែកខ្នងក្តៅក្រហល់ក្រហាយពន្លត់ភ្លើងសឹងមិនទាន់។

ក្រោយបង្កហេតុរួចជនសង្ស័យបាន គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅ សង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ និងបានទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភូមិធំ ឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖