ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់ស្លាប់ ២នាក់របួសធ្ងន់ ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ លោកយាយម្នាក់របួសធ្ងន់ ព្រមទាំងចៅស្រីម្នាក់របួសស្រាល ខណៈដែលពួកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកពីក្រោយរថយន្តមួយគ្រឿងឈប់ស្ងៀមនៅលើផ្លូវបេតុង​ ក្រោយចេញពីដាក់បិណ្ឌនៅវត្តទួល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវរលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្លូវបេតុ ភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH-7041 ម្ចាស់ឈ្មោះអឿន អឿ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HC-2559 ។

សពឈ្មោះ ផាន គិន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ រួមដំណើរដោយប្រពន្ធឈ្មោះ សុខ ហុង អាយុ៦៨ឆ្នាំ និងចៅស្រីឈ្មោះ ថុន ថារ័ត្ន អាយុ១៥ឆ្នាំ អ្នកទាំង៣នាក់ ស្នាក់នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពពត៌មានពីចៅស្រីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានរួមដំណើរទៅវត្តទួល ជាមួយតានិងយាយ ដោយជិះម៉ូតូខាងលើជីតាជាអ្នកឌុបជិះតាមផ្លូវបេតុងទិសដៅពីលិចទៅកើត ខណ:ដែលមកដល់ចំណុចកើតហេតុ ដោយចាំងថ្ងៃផង ម៉ូតូក៏បានបុកគូទឡានដែលឈប់ស្ងៀមនៅលើផ្លូវពីក្រោយដោយម៉ូតូមិនបានដួលនោះទេបណ្តាលឲ្យតានិងយាយរបួសធ្ងន់តែតាគាត់របួសធ្ងន់ជាងយាយ ឯនាងរបួសស្រាល ភ្លាមនាងក៏ទាក់ទងគេឲ្យដឹងតាយាយទៅមណ្ឌលសុខភាពពន្សាំងតែដោយសាស្ថានភាពធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅមន្ទីរពេទ្យលោកសង្ឃ ។

តាមឪពុករបស់ក្មេងស្រីរងគ្រោះរបួសស្រាលខាងលើឲ្យដឹងថាពេលដឹកដល់មន្ទីរពេទ្យលោកសង្ឃគាត់បានទទួលដំណឹងថាឪពុកក្មេកគាត់ស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយរីឯសពត្រូវបានដឹកមកតម្កល់ទុកនៅផ្ទះនៅភូមិត្នោតខ្ពស់ធ្វើបុណ្យតាមប្រពៃណី ៕ ចាន់ធឿន


ចែករំលែក៖