ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះអាមេរិកទៅដល់កូរ៉េខាងជើងដើម្បីទទួលអដ្ឋិធាតុទាហាន

ចែករំលែក៖

យន្តហោះយោធា១គ្រឿងរបស់អាមេរិក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា បានចុះចត នៅក្នុងទឹកដីកូរ៉េខាងជើង ដើម្បីទទួលអដ្ឋិធាតុទាហានអាមេរិកដែលពលីជីវិតនៅ ក្នុងសង្គ្រាមឆ្នាំ១៩៥០-១៩៥៣។ សារ ព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បាន ផ្សាយថា នេះជាចំណែកមួយនៅក្នុងការ អនុវត្តតាមកិច្ចព្រមព្រៀង ក្នុងជំនួបនៅ ប្រទេសសិង្ហបុរីកាលពីថ្ងៃទី១២ ខែមិថុនា។

យន្តហោះបានចាកចេញពីទីតាំងទ័ពអាកាសនៅស្រុក Osan ក្នុងខេត្ត Pyeongtaek មានចម្ងាយពីទីក្រុងសេអ៊ូលប្រមាណ៧០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ទីក្រុង Wonsan ប្រទេសកូរ៉េខាងជើង។ តាមប្រភពព័ត៌ មាន យន្តហោះខាងលើទៅទទួលអដ្ឋិធាតុទាហាន៥០នាក់ពីមន្ត្រីកូរ៉េខាងជើង។

នៅពេលយន្តហោះវិលត្រឡប់ទៅកាន់ទីតាំង Osan វិញ មន្ត្រីទទួលបន្ទុកស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននឹងធ្វើការ ត្រួតពិនិត្យ ហើយនឹងបញ្ជូនទៅកាន់កោះ ហាវ៉ៃ។ ការបញ្ជូនអដ្ឋិធាតុទាហានត្រឡប់ទៅស្រុកវិញធ្វើឡើងចំថ្ងៃខួប គម្រប់៦៥ ឆ្នាំ ថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់ បាញ់។

សកម្មភាពខាងលើគឺជាផ្នែកមួយនៃកិច្ច ព្រមព្រៀង ដែលប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំ គីម ជុងអ៊ុន ទទួលបាន នៅក្នុងជំនួបនៅសិង្ហបុរី ដើម្បីបង្កើតទម្រង់សន្តិភាពនៅកូរ៉េខាងជើង៕ ម៉ែវ សាធី


ចែករំលែក៖