ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវឃាត់ខ្លួននៅប៉ុសិ៍្តនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣រួមនឹងថ្នាំញៀន១៧កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងល្បាតនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យទី៣ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១និង៣០យប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីសង្ស័យជួញដូរគ្រឿងញៀន។

សមត្ថកិច្ចបានប្រាប់ថា យុវជនសង្ស័យមានឈ្មោះ វៃ សល់ អាយុ២៣ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ហើយក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនចំនួន១៧កញ្ចប់ និងម៉ូតូ១គ្រឿងជាមធ្យោបាយ ម៉ាក SMAS ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1C-7320 ។

លោក ឯម ភារី នាយនគរបាលប៉ុសិ្តរដ្ឋបាលស្ទឹងមានជ័យទី៣បានប្រាប់ថា មុនពេលចាប់ឃាត់ខ្លួនយុវជនសង្ស័យខាងលើ លោកបានដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋានដូចសព្វដង។ លុះមកដល់ចំណុចភូមិទ្រា៤ក៏ស្រាប់ឃើញយុវជនម្នាក់គួរឲ្យសង្ស័យហើយនៅពេលសមត្ថកិច្ចទៅដល់ត្រួតពិនិត្យក៏ស្រាប់តែយុវជននោះបោះចោលថ្នាំញៀននៅក្បែរម៉ូតូរបស់ខ្លួន។ ភ្លាមៗនោះសមត្ថកិច្ចក៏នាំខ្លួនមកសាកសួរនាំនៅស្នាក់ការប៉ុសិ៍្ត។

លោក ឯម ភារី បន្តថា ក្រោយសួរនាំសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ តាឡឹម


ចែករំលែក៖