ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើកម៉ូតូលឿនជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉ក់ពីក្រោយ បណ្តាលឲ្យដួលបាក់ជើងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនដូចហោះ ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក់ពីក្រោយ បណ្តាលឲ្យដួលបាក់ជើងម្ខាង​ ។

ហេតុការណ៍នេះ​ បានកើតឡើងនៅម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ចំណុះគល់ស្ពានក្រោមដី​ ស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញយុវជនម្នាក់បានបើកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1HJ-4935 ធ្វើដំណើរម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុបានជ្រុលទៅបុកនឹងម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ បណ្តាលឲ្យដួលបាក់ជើងម្ខាង ហើយត្រូវបានរថយន្តសង្គ្រោះគ្លីនិក សួគ៌ា ដឹកយកទៅសង្គ្រោះបន្ទាន់ ។ ចំណែកជនរងគ្រោះនៅមិនស្គាល់អត្តសញ្ញាណទេគ្រាន់តែដឹងថាជាសិស្ស ផ្ទះនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

បន្ទាប់ពីកើតហេតុ ភាគីទាំង២ជាសាច់ញាតិបងប្អូនស្គាល់គ្នា ទើបសមត្ថកិច្ចមិនបានវាស់វែង យកម៉ូតូរងគ្រោះទាំង២ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌនោះទេ ទុកឲ្យពួកគាត់ដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖