ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ស្រវឹងស្រាចុះឆក់ត្រើ ភ្លាត់ស្នៀតឆក់ខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ វេលាម៉ោង១៤និង១០នាទី ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ មានមនុស្សឆក់ត្រីបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ នៅចំណុចអូរសាលាស្វាយធំភូមិតាម៉ិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ខេន ម៉ាប់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិតាមិញ ឃុំក្រយ៉ា ស្រុកសន្ទុក ខេត្តកំពងធំ។

តាមការបំភ្លឺរបស់ក្រុមគ្រួសារសព ឈ្មោះ ឈន កាញ់ ភេទស្រី អាយុ៣៣ ឆ្នាំ និងប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះបានអង្គុយផឹកស្រា រួចបានរៀបចំឧបករណ៍ទៅឆក់ត្រីនៅតំបន់តាមិញ ភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ខណៈកំពុងដើរឆក់ត្រីតែម្នាក់ឯង បានដួលក្នុងទឹក ដោយឧបករណ៍ឆក់ឆ្លងចរន្ត ធ្វើឲ្យឆក់ខ្លួនឯងស្លាប់ ។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំក្រយា ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសពនៅនឹងពិនិត្យកន្លែងកើតហេតុ ឃើញនៅចង្ការមានស្នាមជាំ ពណ៌ខ្មៅប្រវែងទំហំ១សង្ទីម៉ែត្រ ដែលជាស្នាមប៉ះនឹងឧបករណ៍ឆក់ ហើយលើដងខ្លួនសពពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ទេ រួចសន្ឋិដ្ឋានសព ឈ្មោះ ខេន ម៉ាប់ ពិតជាបានស្លាប់ដោយសារឧបករណ៍ឆក់ត្រីខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងអំពើផ្សេងទៀតទេ ។

សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

មូលហេតុ ផឹកស្រាស្រវឹង ចុះទៅឆក់ត្រី ដោយមិនមានការប្រុងប្រយ័ត្ន ៕ ប៊ុនរិទ្ធី


ចែករំលែក៖