ព័ត៌មានទាន់ហេតុការណ៍៖

យុវជនស្ទាវ២នាក់បើកបរមិនគោរពសិទ្ធិអាទិភាពបុកជាមួយរថយន្តពេញទំហឹង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជន២នាក់បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តប្រលះជាមួយម៉ូតូបញ្រាស់គ្នាពេញទំហឹងលាន់ដូចរន្ទះបណ្ដាលឲ្យខ្ទាតម៉ូតូ និងមនុស្សរណូករណែលពេញផ្លូវកាលពីថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២ និង៣០នាទីរសៀលនៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិព្រៃតាយឹង ឃំុប្រសូតិ ស្រុកស្វាយទាបខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថាយុវជនដែលបើកម៉ូតូមិនគោរពសិទ្ធអទិភាពមានឈ្មោះ ចាន់ សំណាង អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ភូមិព្រៃតាយឹង ឃុំប្រសូតិ ស្រុកស្វាយទាប និងអ្នរួមដំណើរម្នាក់ ឈ្មោះ គល់ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ សិស្ស មានទីលំនៅ ភូមិព្រៃតាយឹង ឃំុប្រសូត្រ ស្រុកស្វាយទាបខេត្តស្វាយរៀងជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ2012 ពណ៌ ខ្មៅ ស្លាកលេខ ភ្នំពេញ 1BN 4843 ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្ត មានឈ្មោះ ប្រាក់ សារុន ភេទស្រី អាយុ ៥៩ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកណ្ដាល ឃំុខ្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកបររថយន្តម៉ាក RAV4 ព៌ណស្លែ ពាក់ស្លាកលេខ ភ.ព 2R 3107 ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានយុវជន២នាក់បានជិះម៉ូតូមួយគ្រឿង ហុងដា ឌ្រីម ស៊េរីឆ្នាំ2012 ពណ៌ ខ្មៅ ស្លាកលេខ ភ្នំពេញ 1BN 4843 ខណះធ្វើដំណើរពីទិសខាងជើងទៅត្បូងមិនគោរពសិទ្ធអទិភាពស្រាប់តែទៅបុក និងរថយន្តម៉ាក RAV4 ព៌ណស្លែ ពាក់ស្លាកលេខ ភ.ព 2R 3107 ធ្វើដំណើរពីទិសខាងកើតទៅលិចក៏បុកយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរផងដែរ។

ក្រោយមកសមត្ថកិច្ចបានមកដល់វាស់វែង និងយកអ្នករងរបួសមកកាន់មន្ទីពេទ្យ និងអូសយកមធ្យោបាយទាំង០២គ្រឿងមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖