ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ជិះម៉ូតូ១គ្រឿងក្នុងល្បឿលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តហាយឡែនឌ័ររងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានរងបួសធ្ងន់ស្រាល ខណៈរូបគេជិះម៉ូតូ១គ្រឿងហើយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនិងរថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ ដែលបើកឆ្លងផ្លូវជិតផុតទៅហើយនោះពេញទំហឹង ។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខាងលិចមន្ទីរពេទ្យរ៉ូយ៉ាល់ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពីម្ចាស់រថយន្តហាយឡែនឌ័របានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងក្រុមគ្រួសារបានជិះក្នុងរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z1247 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ គ្រួសារគាត់បានបត់រថយន្តទៅឆ្វេងឆ្លងផ្លូវជិតផុតហើយ ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក ZoomerX ពាក់ស្លាកលេខ ភ្នំពេញ 1FX0862 ក្នុងល្បឿនយ៉ាងលឿន មកបុករថយន្តរបស់គាត់ត្រូវកង់បណ្តាលឲ្យយុវជនទាំង២នាក់រងរបួសធ្ងន់ស្រាលតែម្តង ។

ក្រោយកើតហេតុ ក៏មាននគរបាលផ្នែកចរាចរខណ្ឌសែនសុខ ចុះមកដល់កន្លែងកើតហេតុវាស់វែង និងជួយសម្របសម្រួលធ្វើឲ្យភាគីខាងរថយន្តជួយចេញថ្លៃព្យាបាលរបួសឲ្យទៅភាគីខាងម៉ូតូ ចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿង៕ តុង សីហា


ចែករំលែក៖