ព័ត៌មានទាន់ហេតុការណ៍៖

យុវសិស្សម្នាក់ស្លាប់ខណៈត្រូវរថយន្តបុកម៉ូតូនៅចំណុចផ្លូវបំបែកជាបួន

ចែករំលែក៖

ភ្នំពេញ៖ យុវសិស្សម្នាក់បានបាត់បង់ជីវិត ខណៈត្រូវរថយន្តបើកបុកម៉ូតូនៅចំណុចផ្លូវបំបែកជាបួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ផ្លូវ១៨៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨៤ ទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ដបង្កដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៥១ ទិសដៅពីជើងទៅត្បូង​ ក្នុងល្បឿនយ៉ាងលឿន ទៅបុកពេញទំហឹង ហើយក៏កិនជនរងគ្រោះ បណ្ដាលឲ្យ​បែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ ឌី សុខផេង ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ថ្នាក់ទី៨ ស្នាក់នៅប្លុកបុរីកីឡា អាគារទី៧ ជិះម៉ូតូម៉ាក Beat ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GX-3576 ។ ចំណែករថយន្ដបង្កម៉ាកហ្វត ពណ៌ខ្មៅ គ្មានស្លាកលេខ គេចខ្លួនបាត់។

សមត្ថកិច្ចមូលដ្ឋានបានប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំក្រុមគ្រួសារយកឯកសារមកទទួល ៕


ចែករំលែក៖