ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីនៅអ៊ីរ៉ាក់ និងអ៊ីរ៉ង់ជនរងគ្រោះបាត់បង់ជីវិតកើន១២៩នាក់

ចែករំលែក៖

កាសែតប៊ីប៊ីស៊ីបានផ្សាយនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ថា រញ្ជួយដីកម្រិត៧.៣រ៉ិចទ័រនៅភាគខាងជើងតំបន់ព្រំដែនរវាងប្រទេសអ៊ីរ៉ាក់ នឹងអ៊ីរ៉ង់បណ្តាលឲ្យមនុស្សយ៉ាងតិច១២៩នាក់ស្លាប់ និងជាង៣០០នាក់រងរបួស ។

ការរញ្ជួយដីនេះបង្កឲ្យមានការភ័យស្លន់ស្លោយ៉ាងខ្លាំង មនុស្សម្នាបានចាកចេញពីផ្ទះទៅឈរនៅតាមដងវិថី។

ទូរទស្សន៍អ៊ីរ៉ង់ IRINN ផ្សាយថា ជនរងគ្រោះភាគច្រើននៅតំបន់ទីប្រជុំជន Sarpol-e Zahab ចម្ងាយ១៥គីឡូម៉ែត្រពីព្រំដែន ។ ការខូចខាតកើតឡើងយ៉ាងតិច៨ភូមិ ។ នេះបើតាមប្រធានអង្គការអឌ្ឍិចន្ទក្រហមអ៊ីរ៉ង់ ។ ភូមិស្រុកខ្លះត្រូវកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងតែម្តង។

ក្រុមជួយសង្គ្រោះបាននិងមមាញឹកយ៉ាងខ្លាំងក្នុងសកម្មភាពជួយសង្គ្រោះដោយការបាក់ដី។

ក្រុមផែនដីវិទ្យាអាមេរិក USGS ប្រកាសថា ការរញ្ជួយដីនេះស្ថិតនៅក្នុងទំហំផ្ទៃដី១៩ម៉ៃ (ប្រហែល៣០គីឡូម៉ែត្រ)​ភាគនីរតី ដែនដី Halabja និងជិតព្រំដែនភាគខាងកើតជាមួយប្រទេសអ៊ីរ៉ង់។

ប្រភពបន្តទៀតថា ការរញ្ជួយដីក្នុងជម្រៅ៣៣.៩គីឡូម៉ែត្រ កក្រើកញាប់ញ័រដល់ទួរគី អ៊ីស្រាអែល និងគុយវេតថែមទៀតផង៕


ចែករំលែក៖